(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន នៅថ្ងៃទី២២ ខែមីនានេះ បានផ្ញើលិខិតមួយច្បាប់ ជូនសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម លោកឧកញ៉ា ម៉ុង ឬទ្ធី ដោយធ្វើការបដិសេធ មិនជួបពិភាក្សាជាមួយ ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពរ របស់អ្នកវិនិយោគដំណាំកៅស៊ូ និងសហគមន៍អភិវឌ្ឍន៍កៅស៊ូឡើយ ខណៈដែលវិស័យនេះ កំពុងប្រឈមមុខខ្លាំងក្នុងខាតបង់ ដោយសារតម្លៃជ័រ កៅស៊ូធ្លាក់ចុះ។
លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា ការមិនបានជួបប្រជុំជាមួយក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មនេះ ដោយសារក្រសួងមានភាពមមាញឹក គ្មានលទ្ធភាព ពេលវេលាគ្រប់គ្រាន់សម្រាប់ជួបប្រជុំ។
លិខិតរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលអាចនឹងត្រូវផ្លាស់ប្តូរទៅ ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនោះ ផ្ញើជូនលោកបណ្ឌិត សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដោយសរសេរថា «ឯកឧត្តមបណ្ឌិតសហប្រធាន មេត្តាជ្រាបថា ចំពោះសំណូមពររបស់ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ផ្នែកឯកជន) ដែលស្នើរៀបចំកិច្ចប្រជុំស្វែង រកដំណោះស្រាយលើបញ្ហាដំណាំកៅស៊ូនោះ និងដោយសារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកម្មវិធីមមាញឹកពុំទាន់មានលទ្ធភាព ពេលវេលាទទួលជួបប្រជុំ តាមការសំណូមពរបានទេ»។
យ៉ាងណា លោករដ្ឋមន្ត្រីកសិកម្មអះអាងថា បញ្ហាអត្រាពន្ធអាករ នាំចេញជ័រកៅស៊ូ ក្រសួងបានលើកសំណើរជូនរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលជាកសិករដាំកៅស៊ូ ក៏ដូចជាក្រុមហ៊ុនចម្ការកៅស៊ូនានា ដោយសុំកំណត់ការប្រមូលអាករនាំចេញជាថ្មី ហើយរាជរដ្ឋាភិបាលក៏បានចេញ អនុក្រឹត្យ កែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញកៅស៊ូរួចហើយដែរ។
គួររំលឹកថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដែលដឹកនាំដោយលោកឧកញ៉ា ម៉ុង ឬទ្ធី បានផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២២០១៦ ដើម្បីសុំជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមមួយចំនួន របស់អ្នកវិនិយោគ លើដំណាំកៅស៊ូ និងសហគមន៍អភិវឌ្ឍន៍កៅស៊ូ ផងដែរ បន្ទាប់ពួកគេកំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយការធ្លាក់ចុះនៃតម្លៃជ័រកៅស៊ូ ដែលអាចនឹងឈានដល់ការបោះបង់ដាំណាំនេះចោល៕