(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ព្រមទាំងសមាគមមិត្តភាព កម្ពុជា-វៀតណាម ដែលផ្តល់ជូនដល់ប្រទេសវៀតណាម បានកើនឡើងដល់ ៣៥ម៉ឺនដុល្លារអាមេរិក, ម៉ាសធម្មតាជាង១លានបន្ទះ និងម៉ាស N95 ១សែនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសនេះដែលកំពុងរងការវាយលុក។
យោងតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា អំណោយទាំងនោះរួមមាន៖
១៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង។
២៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
៣៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានសម្រេចជួយឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា៕