(ព្រះវិហារ)៖ មន្រ្តីសាលាខេត្តព្រះវិហារ បានឲ្យដឹងថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ មានជនអាណាធិបតេយ្យមួយក្រុម ដឹកនាំដោយឈ្មោះ គិន ចន្ថា ឈ្មោះ កែវ ណេ ឈ្មោះ ផាន់ ធឿន និងឈ្មោះ សាត ញ៉េប បានដឹកនាំប្រជាជនស្លូតត្រង់ ដែលជឿលើការញុះញង់របស់ខ្លួន ដោយកុហកថា មានការសម្រេចពីរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង រួមទាំងមានការគាំទ្រពីរដ្ឋសភា ឲ្យប្រជាជនវិលទៅកាន់កាប់ តំបន់បេតិកភណ្ឌចំណុចស្វាយជ្រុំ។
ក្រុមមេខ្យល់ និងប្រជាជនស្លូតត្រង់ប្រមាណ៨០នាក់ ដែលជឿលើការញុះញង់នោះ ត្រូវបានទប់ស្កាត់ដោយ អាជ្ញាធរខេត្តព្រះវិហារ អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ផ្សេងទៀត។
មន្រ្តីសាលាខេត្តព្រះវិហារ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា «ក្រោយពីការបរាជ័យ ក្នុងការចូលដណ្តើមកាន់កាប់ដី ដោយខុសច្បាប់នៅវេលាម៉ោងប្រមាណ៥ល្ងាចនេះ មេខ្លោង និងប្រជាជនត្រូវបានលោកអភិបាលស្រុក និងមេឃុំស្រឯម អញ្ជើញឲ្យសំរាកនៅវត្តស្រឯម»។
ប្រជាជនដែលជឿការញុះញង់ បានលួចផ្តល់ព័ត៌មានថា មេខ្លោងពួកគេនឹងព្យាយាមចូលដណ្តើមកាន់កាប់ម្តងទៀត ដីតំបន់អភិរក្សនៅថ្ងៃស្អែកទៀត។
បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច កំពុងពិនិត្យស្ថានការណ៍ ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងបានទទួលអនុសាសន៍ ណែនាំរួចហើយពី សម្តេចក្រឡាហោម ស ខេង ថា លិខិតដែលពួកមេខ្លោងប្រើប្រាស់ ដើម្បីភូតកុហក គឺជាលិខិតរដ្ឋបាល ដែលត្រូវតែអនុវត្តតាមច្បាប់ ជាធរមានដើម្បីការពារតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ៕