(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាគណៈអធិបតី ក្នុងប្រកាសសេចក្តីសម្រេច តែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ស្រុកកណ្តៀង និងមន្ត្រីស្នាក់ការគណបក្សឃុំ ក្នុងស្រុកកណ្តៀង ចំនួន៣៣រូប។
ពិធីនេះប្រារព្ធធ្វើនៅ ទីស្នាក់ការគណបក្សស្រុកកណ្តៀង ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុក/ឃុំ និងលោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក/ឃុំ ជាច្រើនរូបទៀត។
បន្ទាប់ពីលោក សាយ សុជាតិ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអាចសេចក្តីសម្រេច ស្តីពីការតែងតាំង មន្ត្រីស្នាក់ការគណបក្សស្រុក និងមន្ត្រីស្នាក់ការគណបក្សឃុំនោះរួចមក, លោក ឆាយ គឹមម៉ុង អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងតំណាងឱ្យលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សឃុំ ក្នុងស្រុកកណ្តៀងទាំងមូល បានប្តេជ្ញាចិត្ត៖
១-ទទួលព័ត៌មានឯកសារទាំងឡាយ និងផ្តល់ព័ត៌មានពីស្រុក ទៅឃុំ ភូមិ និងក្រុមសកម្មជន មេ ខ្យល់ ។ល។
២-ទំនាក់ទំនងជាមួយសមាជិកទាំងឡាយ ដែលមានសមានចិត្តល្អ របស់សាខាគណបក្សឃុំ។
៣.រៀបចំប្រចាំការនៅស្នាក់ការគណបក្សឃុំជាប្រចាំ ដើម្បីដឹកនាំ និងត្រួតពិនិត្យការងារ។
៤-ទទួលខុសត្រូវរៀបចំ និងគ្រប់គ្រងបញ្ជីរាយនាម ស្ថិតិ សមាជិកគណបក្ស អង្គភាពចាត់ តាំងមេខ្យល់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អ ធានាបាននូវគុណភាព និងបរិមាណ។
៥-ជំនួយការឱ្យសាខាគណបក្សឃុំ ឬអនុសាខាគណបក្សនៅក្នុងមូលដ្ឋាន ក្នុងការរៀបចំទំរង់ បែបបទ បញ្ចូលសមាជិកគណបក្សថ្មី ឬបញ្ចេញអ្នកប្រែធាតុ។
៦-ជំនួយការឱ្យសាខាគណបក្សឃុំ ក្នុងការតាមដានត្រួតពិនិត្យ សកម្មភាពរបស់អនុសាខាគណបក្ស និងក្រុមគណបក្សនៅក្នុងមូលដ្ឋានរបស់ខ្លួន។
៧-ឃោសនាអប់រំ ចំពោះសមាជិកគណបក្ស មេខ្យល់ និងមហាជន ព្រមទាំងវាយតម្លៃនូវគុណភាព ថ្នាក់ដឹកនាំ សាខាគណបក្ស អនុសាខា និងក្រុមគណបក្សនៅមូលដ្ឋានខ្លួន។
៨-ក្តាប់សភាពការណ៍ សតិអារម្មណ៍របស់សមាជិកគណបក្សយើងនៅក្នុងមូលដ្ឋាន ដើម្បីមានវិធានការអប់រំ បានទាន់ពេលវេលា និងក្តាប់អំពីសកម្មភាពគណបក្សផ្សេងៗ។
៩-រៀបចំកម្មវិធីជូនថ្នាក់ដឹកនាំ សាខាគណបក្សឃុំ ឬអនុសាខាគណបក្ស ចូលរួមក្នុងជីវភាពសង្គម ដូចជាបុណ្យទាន តូចធំ ក្នុងឃុំ ភូមិ និងជួយទំនុកបំរុង ប្រជាជនជួបការលំបាក មានទុក្ខធុរៈ ឬមរណភាព។
១០-សកម្មក្នុងការដឹកនាំមហាជន សមាជិកគណបក្ស កសាងសមិទ្ធផលនានាក្នុងឃុំ ដូចជាផ្លូវ ថ្នល់ ស្ពាន សាលារៀន វត្តអារ៉ាមជាដើម។
១១-តុបតែងកែលំអ លើកស្លាកសញ្ញាគណបក្ស ទង់បក្ស ទង់ជាតិ សំអាតទីធ្លា ធ្វើអនាម័យជាប្រចាំ ប្រែក្លាយជាកន្លែងទាក់ទាញនូវសមានចិត្តរបស់ប្រជាជន និងទទួលពាក្យបណ្តឹងតវ៉ា ឬដោះស្រាយការលំបាកផ្សេងៗ តាមលទ្ធភាពជូនប្រជាជន។
លោក ម៉ៅ ធនិន បានថ្លែងថា តួនាទីដែលផ្ដល់ជូននាពេលនេះ គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់។ នៅពេលដែលយើងទទួលបានតួនាទីហើយ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការដឹកនាំមូលដ្ឋាន ប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រជាពលរដ្ឋខកចិត្ត និងបាត់ជំនឿមកលើយើង។ ជាមួយគ្នានោះ ត្រូវមានវប្បធម៌ចែករំលែក នឹងត្រូវចងចាំពាក្យប៉ុន្មានឃ្លាថា «នៅពេលដែលយើងទទួលទានឆ្អែត យើងត្រូវស្រមៃឃើញអ្នកដែលកំពុងតែស្រេកឃ្លាន, នៅពេលយើងក្រយើងត្រូវរកឱ្យមាន នៅពេលដែលយើងមានយើងត្រូវជួយអ្នកក្រវិញ»។
លោកក៏បានណែនាំ និងដាក់ផែនការដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងដាក់ទិសដៅចំនួន៤ចំនុចធំៗ ដើម្បីឆ្ពោះទៅទទួលយកជ័យជំនះទៅថ្ងៃខាងមុខ៖
១-សូមឱ្យមានអ្នកប្រចាំការ នៅស្នាក់ការគណបក្សស្រុក/ឃុំ ដើម្បីរងចាំបំពេញតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ
២-បេក្ខភាពឈរឈ្មោះ (ក្រុមប្រឹក្សាឃុំ) សូមពង្រឹង និងពង្រីកសមត្ថភាព ដោយយកតួនាទីទៅផ្សារភ្ជាប់នឹងសុខទុក្ខប្រជាពលរដ្ឋ
៣-បន្តចុះជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ពីជីវភាព បញ្ហាប្រឈម និងសុខទុក្ខពួកគាត់ ធ្វេីការដោះស្រាយ
៤-សូមជ្រើសរើស ភ្នាក់ងារសង្គេតការណ៍ កើតចេញពីកូនក្មួយយុវជនយើង ដែលមានសមត្ថភាព មានភាពត្រឹមត្រូវ ចេះច្បាប់ និងមានស្មារតី ឆន្ទះ ច្បាស់លាស់៕