Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៥២នាក់ និងស្លាប់ ២នាក់

17-07-2021 16:38

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៥២នាក់បន្ថែមទៀត និងស្លាប់ ២នាក់ មកពីស្រុកជើងព្រៃ ១នាក់ និងមកពីខេត្តស្វាយរៀង ១នាក់។

ចំណែកអ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង ៥២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ៣នាក់,ស្រុកកងមាស ៩នាក់, ស្រុកស្រីសន្ធរ ២នាក់, ស្រុកជើងព្រៃ ១១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ២នាក់, ស្រុកកោះសូទិន ៣នាក់, ស្រុកកំពង់សៀម ៣នាក់, ស្រុកបាធាយ ៣នាក់, ស្រុកចំការលើ ២នាក់ និងមកពីខេត្តកំពង់ធំ ៣នាក់, ខេត្តកណ្តាល ១នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕