Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងសិតទៀនព្រះវស្សា (Video inside)

17-07-2021 15:40

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នាព្រះមហាប្រាសាទខេមរិន្ទ្រ ព្រះបរមរាជវាំង។

ព្រះរាជពិធី សិតទៀនវស្សាព្រះរាជទ្រព្យ បានប្រព្រឹត្តទៅនៅវេលាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ព្រះរាជពិធីសិតទៀនវស្សា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដោយកំណត់យកថ្ងៃ ៨កើត ខែទុតិយាសាឍ ពោល គឺមុនមួយសប្តាហ៍នៃពិធីបុណ្យចូលកាន់ព្រះវស្សា ទៅតាមបវេណីមហាក្សត្រ និងព្រះពុទ្ធសាសនា។

សម្រាប់ពិធីចូលកាន់ព្រះវស្សា តែងតែប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ។

ជាទំនៀមទម្លាប់របស់ ប្រជាពលរដ្ឋខ្មែរ ដែលប្រកាន់ខ្ជាប់នូវប្រពៃណីព្រះពុទ្ធសាសនា ឱ្យតែដល់រដូវបុណ្យចូលព្រះវស្សា តែងតែនាំយកនូវទៀនព្រះវក្សា ចង្ហាន់ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីយកមកវេរប្រគេន តម្កល់ទុកនៅក្នុងទីអារាម សម្រាប់ប្រគេន ព្រះសង្ឃសមាទានសីល រយៈពេល ៣ខែ។

ជាទំនៀមទម្លាប់ ព្រះសង្ឃគ្រប់អង្គ នៅក្នុងឱកាសចូលកាន់ព្រះវស្សានេះ មិនអាចចេញក្រៅអាវាសវត្តបានទេ គឺត្រូវគង់ក្នុងវត្តដើម្បីសិក្សារៀនសូត្រ ទៅតាមពុទ្ធានុញ្ញាតរបស់ព្រះពុទ្ធសាសនានៃយើង៕