(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមទទួលទានអាហាររួមគ្នា ជាមួយនឹង លោក Li Keqiang នាយករដ្ឋមន្រ្តីចិន និងបណ្តាមេដឹកនាំប្រទេសតាមដងទន្លេមេគង្គ៤ផ្សេងទៀត។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានអះអាងថា «ពិធីលៀងសាយភោជន៍កាលពីល្ងាចមិញនេះ គឺបានប្រព្រឹត្តិទៅដោយភាពស្និទ្ឋស្នាលបំផុត ដែលបានរឹតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំរវាងប្រមុខដឹកនាំ និងប្រជាជននៃប្រទេសតាមដងទន្លេមេគង្គ និងសាធារណរដ្ឋប្រជាមានិតចិន»។
សម្តេចតេជោ បានលើកឡើងបន្ថែមថា «សព្វថ្ងៃនេះ កម្ពុជាយើងទទួលបានអ្នកវិនិយោគមកពីប្រទេសចិនច្រើនជាងគេ ហើយទន្ទឹមនឹងនោះ រដ្ឋាភិបាលប្រទេសចិនតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការជួយជំរុញដល់ការអភិវឌ្ឍកម្ពុជាឱ្យកាន់តែឆាប់រីកចម្រើនលឿនទៅមុខ»។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួម ប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្ត ហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ដល់២៤ ខែមីនា ឆ្នាំ២០១៦។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១នេះ មានការចូលរួមដោយមេដឹកនាំប្រទេសជាប់ដងទន្លេមេគង្គទាំង៥ និងប្រទេស ដោយមានអនុម័តនូវឯកសារចំនួន៣រួមមាន៖
១- សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូល សហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១។
២- សេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ សមត្ថភាពផលិតកម្ម នៃបណ្តាប្រទេសមេគង្គ-ឡានឆាង។
៣- គម្រោងឆាប់ទទួលបានផលភ្លាមៗ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។
សម្តេចតេជោ ហ៊ុន សែន ក៏មានគម្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាំរកា ឌីដ្វូរកូវីច ផងដែរ៕