Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ព្រមាននិរាករណ៍ចោលរាល់ការចុះហត្ថលេខាទទួលស្គាល់ការកាន់កាប់ដីធ្លីរបស់រដ្ឋ ដោយខុសច្បាប់

17-07-2021 15:29

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់បម្រាមចំពោះអាជ្ញាធរមូលដ្ឋាន ហាមចុះហត្ថលេខាទទួលស្គាល់នូវការកាន់កាប់ដីធ្លី ដែលជាសម្បត្តិរបស់រដ្ឋ ព្រមទាំងព្រមាននិរាករណ៍ចោលទាំងអស់។

ការព្រមានបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ប្រភេទ DBST ប្រវែង ២៧.៣៤គីឡូម៉ែត្រ ភ្ជាប់គ្នា ៣ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដីអូរ ដីបឹង គឺជាសម្បត្តិរបស់រដ្ឋ ដូច្នេះសូមហាមមេឃុំចុះហត្ថលេខា បញ្ជាក់ទទួលស្គាល់នូវការកាន់កាប់ដីធ្លី ដែលជាសម្បត្តិរបស់រដ្ឋ ប្រសិនបើឃើញ រដ្ឋបាលខេត្ត នឹងនិរាករណ៍ចោល»

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានលើកឡើងពីសមិទ្ធផលដ៏ថ្លៃថ្លានេះ គឺបានមកពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសគឺក្រុមការងារចុះជួយស្រុក ហើយផ្លូវដែលត្រូវស្ថាបនានេះ មានប្រវែង ២៧.៣៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ឃុំរាយប៉ាយ និងឃុំសូគង ក្នុងស្រុកកងមាសដែលគម្រោងនេះអាចសាងសង់រួចរាល់ ក្នុងរយៈពេល១៥ខែ។

លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងផ្លូវ ប្រសិនបើមានការប៉ះពាល់សូមយោគយល់ ចូលរួម សហការជាមួយនឹងអាជ្ញាធរ និងក្រុមវិស្វកម្ម ដើម្បីទទួលបានផ្លូវស្អាត ប្រកបដោយគុណភាព ប្រើប្រាស់បានយូរអង្វែង។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ក្រើនរំលឹកដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនឲ្យបានល្អ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ចាប់ពីខ្លួនយើងម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយក្តី ត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ៕