(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បាននាំយកទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តវេឡុងវ័ន្តផ្សារថ្មី ស្ថិតក្នុងភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក។
ក្នុងនោះគេឃើញក្រុមគ្រួសារ លោក បោន ប៊ិន និង សហការីព្រមទាំងពុទ្ធបរិស័ទ បានថ្វាយបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។
សូមជម្រាបថា ទេយ្យទានទាំងនោះ មានដូចជា ទៀនព្រះវស្សាចំនួន ០១គូរ, អង្ករ១០០គីឡូក្រាម, មី០១កេសធំ, ត្រីខ ០១កេសធំ, ទឹកក្រូច ០២កេស, ទឹកសុទ្ធវីតាល់១៥កេស, សាដកចំនួន១៥ និងបច្ច័យចំនួន ២,៣០០,០០០រៀល៕