(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចុះពិនិត្យនិងស្ដារប្រឡាយមេ ១ខ្សែ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីត្រៀមរំដោះការជន់លិចមូលដ្ឋាន ពីជនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យអង្គភាព Fresh News ដឹងថា ប្រឡាយមេ១ខ្សែនេះ មានទំហំទទឹងប្រវែង ១០ម៉ែត្រ និងបណ្ដោយប្រវែង ១០,០០០ម៉ែត្រ (១០គីឡូម៉ែត្រ) ដោយតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ អមផ្លូវរថភ្លើងខ្សែរាជធានីភ្នំពេញ - ខេត្តកំពត ហើយបានឆ្លងកាត់ភូមិសាស្រ្តសង្កាត់ ២ទៀត គឺសង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ហើយធ្លាក់ទៅដល់បឹងតាមោក ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ប្រឡាយមេនេះសំខាន់ខ្លាំងណាស់ ក្នុងការរំដោះទឹកដែលជន់លិចភូមិឋាននានា នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាខណ្ឌកំបូល ១ផ្នែកផងដែរ។ ជាក់ស្ដែង នៅក្នុងពេលមានការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ គឺបានប្រឡាយមេនេះហើយរំដោះទឹកចេញ ហើយឆ្នាំនេះរដូវវស្សាជិតចូលមកដល់ហើយ ដូច្នេះដើម្បីត្រៀមរំដោះការលិចលង់ ទើបត្រូវស្ដារវាបន្ថែមទៀតដើម្បីឲ្យទឹកហូរកាន់តែលឿនជាងមុន។
ស្របពេលនេះដែរអាជ្ញាធរក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមចំណែកថែរក្សាលូ និងប្រឡាយទាំងអស់គ្នា ដើម្បីបញ្ចៀសនូវការលិចលង់ ហើយកុំធ្វើអ្វីដែលនាំឲ្យស្ទះផ្លូវទឹកហូរមិនរួចដូចជាការចោលសម្រាមផ្ដេសសផ្ដាស ឬញាត់ក្នុងលូជាដើម៕