(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរតាំងពីបុរាណកាលមក។
ការលើកឡើងបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅក្នុងឱកាសដែលោកស្រី បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣វត្ត ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺវត្តឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ វត្តទេពនិមិ្មត និងវត្តសែនសិរី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រី ឃួន ឃុនឌី បានបញ្ជាក់យ៉ាងដូច្នេះថា ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេសគោរព ប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្ត ពេលនេះត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័នមន្ត្រី បាននាំយកមកវេរប្រគេនដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី និងសហការី ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សាទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកស្រី ឃួន ឃុនឌី បានសំណូមពរឱ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺ ដ៏កាចសាហាវមួយនេះ។
ទេយ្យទានក្នុង១វត្ត ប្រគេនទៀនវស្សាវ១គូរ អង្ករ ទឹកក្រូច មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងម៉ាសូត និងថវិកាមួយចំនួន៕