(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋមកពីបណ្ដាឃុំមួយចំនួននៃស្រុកទឹកឈូ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅមណ្ឌលនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។
សកម្មភាពនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ជួរដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ និងមន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ដែលបានរួមចំណែក ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត នារយៈពេលកន្លងមក ពិសេសក្នុងយុទ្ធនាការនៃការចាក់សាំងការពារជំងឺកូវីដ១៩ លើកទី៣ ដែលរដ្ឋបាលខេត្តកំពត បានដំណើរការចាក់ ជូនប្រជាពលរដ្ឋ ដែលមានថ្នាក់ដឹកនាំ និងគ្រូពេទ្យ មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ា ឃៀល បានចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទីកន្លែង ពេលវេលា ដោយស្ម័គ្រស្មោះដូចនៅពេលនេះជាសក្ខីភាពស្រាប់។
នាឱកាសនេះដែរ លោក ជាវ តាយ ក៏បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងអស់នេះបានបង្ហាញឱ្យឃើញ ពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង លើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនិងការរើសអើង ហើយបើទោះបីបានទទួលវ៉ាក់សាំងហើយក្ដី ក៏ត្រូវអនុវត្តនូវវិធានការសុខាភិបាលឲ្យបានល្អ គឺ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ។
សូមរំលឹកថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋលើកទី៣នេះ សម្រាប់ខេត្តកំពត មានវ៉ាក់សាំងកូវីដ១៩ ពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥.៨៥២ដូស ហើយមានមណ្ឌល់ផ្តល់វ៉ាក់សាំង ចំនួន ៦ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត, សាលាបឋមសិក្សាហ៊ុន សែន១មករា, មន្ទីរពេទ្យអនុស្សាវរី ស៊ុន យ៉ាឃៀល, មណ្ឌលសុខភាពត្រពាំងរពៅ, មណ្ឌលសុខភាពត្រពាំងសង្កែ, មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងមណ្ឌលសុខភាព ឃុំត្រពាំងរាំង ស្រុកជុំគិរី៕