(ព្រុចសែល)៖ យោងតាមការចេញផ្សាយរបស់ Sky News មុននេះបន្ដិចបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសសប៊ែលហ្សិក កើនឡើងដល់ ៣៤នាក់ និងអ្នករបួសមានជាង ១៣០នាក់។
នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើងត្រូវរងការប្រហារពីសំណាក់សង្គមងងឹត ហើយលោកមានសេចក្ដីរន្ធត់ យ៉ាងខ្លាំង ព្រោះវាជាអំពើភេរវកម្មដ៏សាហាវមួយ»។
គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៧៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នេះ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថា ជាទង្វើរបស់ខ្លួនឡើយ៕