(ភ្នំពេញ)៖ ក្រសួងបរិស្ថានបរិស្ថាន បាននឹងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ ជាតំបន់«រ៉ាមសារឬតំបន់ដីសេីម» ដោយសារតែភាពសំខាន់ នៃតំបន់នេះ បានផ្តល់ជាធនធានធម្មជាតិ សម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាបជាច្រើនប្រភេទ ដែលជាប្រភេទសត្វកម្រ។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។
តំបន់រ៉ាមសារ គឺជាតំបន់ដីសើម។ តំបន់រ៉ាមសារ គឺជាប្រភពនៃដង្ហើមកសិកម្ម និងជីវសាស្រ្តចម្រុះនៅក្នុងប្រទេសកម្ពុជាដ៏សំខាន់មួយ។ ជាប្រភពផ្គត់ផ្គង់ជីវភាពមួយដ៏សំខាន់របស់ប្រជាពលរដ្ឋមូលដ្ឋាន និងជាកន្លែងអភិរក្សធនធានធម្មជាតិ និងជីវសាស្រ្តចម្រុះមួយដ៏សម្បូរបែប។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការដាក់តំបន់ដីសើមមួយជា តំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ ដើម្បីរៀបចំឯកសារព័ត៌មាន និងទាមទារឱ្យមានការពិគ្រោះយោបល់ និងទទួលការគាំទ្រពីអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ នោះកម្ពុជានឹងមានតំបន់រ៉ាមសារសរុបចំនួន៦។ តំបន់រ៉ាមសារទាំង៥ របស់កម្ពុជារួមមាន៖ តំបន់រ៉ាមសារស្ទឹង ត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ បានផ្តល់ជាធនធានធម្មជាតិសម្រាប់ទ្រទ្រង់ដល់ជីវភាព ប្រជាសហគមន៍ និងជាទីជម្រកសម្រាប់សត្វស្លាបទឹក និងសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទជាពិសេសសត្វក្រៀលដែលជាប្រភេទសត្វស្លាបកំពុងទទួលរងការគំរាមកំហែង។ ថ្មីៗនេះ ឧទ្យានុរក្សនៃក្រសួងបរិស្ថានក៏បានកត់ត្រាពីវត្តមានចាបព្រៃវែង ដែលជាប្រភេទសត្វទេសន្តរប្រវេសន៍ ផ្លាស់ទីរវាង ស៊ីបេរី និងអាស៊ីអាគ្នេយ៍ តាមផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក៏មានវត្តមាន សត្វត្រដក់ធំ ដែលជាប្រភេទសត្វស្លាបជិតផុតពូជ និងប្រភេទសត្វស្លាបទឹកមួយចំនួនដូចជាត្រយងខ្លួងស ត្រយងខ្លួនរលោង រនាលពណ៌ ចង្កៀលខ្យង ទុងប្រផេះជាដើមដែលបានចុះមករកចំណីក្នុងតំបន់នេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានផ្តល់ជាអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលបានគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបរបស់វាដូចជា៖ សេវាកម្មផ្គត់ផ្គង់ដោយផ្តល់ជាប្រភពទឹក អាហារ ឱសថ ត្រី ធនធានពន្ធុ ដីល្បាប់ និងធនធានធម្មជាតិផ្សេងៗទៀត សេវាកម្មនិយ័តកម្ម ដោយទប់ស្កាត់គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និយ័តកម្មអាកាសធាតុក្នុងតំបន់ និងនៅសាកល បន្សុទ្ធទឹក ជាដើម សេវាកម្មវប្បធម៌ ដោយផ្តល់ជាតម្លៃសោភ័ណភាព ទេសចរណ៍ធម្មជាតិ ការកម្សាន្ត តម្លៃបេតិកភណ្ឌវប្បធម៌ សាសនា ទំនាក់ទំនងសង្គម ការអប់រំ និងសិក្សាស្រាវជ្រាវ និងសេវាកម្ម គាំទ្រ ដូចជាផ្តល់ជាទីជម្រកដល់ជីវចម្រុះ ការកកើតដីល្បាប់ សារធាតុរ៉ែ សារធាតុសរីរាង្គ ផ្តល់ជាផលិតកម្មបឋម គាំទ្រដល់វដ្តទឹក និងវដ្តចំណីអាហារ។ល។
«ទាំងនេះ គឺបានបញ្ជាក់ពីសារៈសំខាន់ជាអន្តរជាតិរបស់តំបន់ការពារទេសភាពនេះ។ ដូចនេះទើប ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ ទៅជាតំបន់រ៉ាមសារ ដែលនឹងផ្តល់តម្លៃដល់តំបន់ដីសើមនេះជាអន្តរជាតិ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា ដោយបន្ថែមថា ក្រសួងរំពឹងថាការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅនឹងធ្វើឡើងក្នុងពេលវេលាសមស្របខាងមុខនេះ។
ទាក់ទងនឹងសារៈប្រយោជន៍ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅ ជាតំបន់រ៉ាមសារ គឺបង្ហាញឱ្យឃើញថាតំបន់ដីសើមនេះមានសារៈសំខាន់ជាអន្តរជាតិ និងមានការទទួលស្គាល់ជាអន្តរជាតិ ដោយអនុសញ្ញារ៉ាមសាដែលមានលេខាធិការដ្ឋានរ៉ាមសារ នៅប្រទេសស្វីស។ ការដាក់តំបន់ការពារទេសភាពបឹងព្រែល្ពៅជាតំបន់រ៉ាមសារ ក៏មានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជាទី១៖ បង្កើនការយល់ដឹងជាសាធារណៈពីសារៈសំខាន់ នៃតំបន់ដីសើម, ទី២៖ បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងតំបន់ដីសើម, ទី៣៖ មានការគាំទ្រកាន់តែច្រើនជាងមុនក្នុងការ ការពារនូវតំបន់ទាំងនោះក៏ដូចជាតំបន់នៅជុំវិញ, ទី៤៖ បង្កើនមូលនិធិសម្រាប់អភិរក្សទាំងក្នុង និងក្រៅប្រទេស និងទី៥៖ ពង្រឹងកាលានុវត្តន៍ភាព ក្នុងការជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងអេកូទេសចរណ៍។
បើតាមលោក ស្រី ស៊ុនលាង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានថ្លែងថា ប្រទេសកម្ពុជាបានអនុម័តយល់ព្រមលើអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ និងបានចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩៩។ អនុសញ្ញារ៉ាមសារធ្វើការលើសសរស្តម្ភចំនួន៣សំខាន់ គឺទី១៖ ការប្រើប្រាស់តំបន់ ដីសើមប្រកបដោយភាពឈ្លាតវៃ, ទី២៖ កំណត់និងបង្កើតតំបន់ដីសើមជាលក្ខណៈអន្តរជាតិ និង៣៖ កិច្ចសហការអន្តរជាតិ។
បច្ចុប្បន្ននេះ តំបន់ដីសើមដែលត្រូវបានដាក់បញ្ចូល ជាតំបន់រ៉ាមសារ មានចំនួន២,៤២៤ នៅលើពិភពលោក គ្របដណ្តប់លើផ្ទៃដីចំនួន ២៥លានហិកតា ដែលក្នុងនោះកម្ពុជា មានចំនួន៥កន្លែង សរុបមានផ្ទៃដីទំហំ ៤២,២៥៧ហិកតា៕