(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតអនុគណៈកម្មការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្រោយពីមានព្រះរាជក្រិត្យ ព្រះរាជក្រម អនុក្រិត្យ និងសេចក្ដីប្រកាស ច្បាប់ចូលជាធរមានក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញថា សេចក្ដីសម្រេចលេខ ២០៤/២១ សសរ.ធ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានក្នុងប្រការ១ គឺលោក ជា ពិសី អភិបាលខណ្ឌ ជាប្រធាន, អភិបាលរងខណ្ឌ ជាអនុប្រធាន, និងនាយករដ្ឋបាលខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការអាវុធហត្ថខណ្ឌ, នាយករងរដ្ឋបាលខណ្ឌ និងប្រធាន-អនុប្រធានការិយាល័យជុំនាញ ទាំង១១, លោក-ស្រីចៅសង្កាត់, ព្រមទាំងនាយនគរបាលប៉ុស្ដិ៍ ទាំង៧ សរុប២៥រូប ជាសមាជិក។

ប្រការ២: អំពីតួនាទី និងភារកិច្ចរបស់អនុគណៈកម្មការ រួមមាន៖
*តាមដានត្រួតពិនិត្យលើការបិទ និងបើកទីតាំងពាក់ព័ន្ធនិងអ្នកជំងឺកូវីដ-១៩
*សហការក្នុងការយកសំណាកអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩
*ត្រួតពិនិត្យទីតាំងដែលត្រូវធ្វើចត្តាឡីស័កដោយធានាឱ្យមានការគោរពតាមវិធានសុខាភិបាលបានត្រឹមត្រូវ
*រៀបចំរបាយការណ៍សង្ខេបពីលទ្ធផលនៃការតាមដានត្រួតពិនិត្យទីតាំងបិទ និងបើកដែលបានធ្វើចត្តាឡីស័ក
*អនុវត្តភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ ប្រធាន។

ប្រការ៣:
នាយករដ្ឋបាលខណ្ឌ, អធិការដ្ឋាននគរបាលខណ្ឌ, មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ, ការិយាល័យជុំនាញទាំង១១ នៃរចនាសម្ព័នខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង៧, នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧, និងសាម៉ីខ្លួនដែលមានក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីចុះហត្ថលេខាតទៅ រហូតដល់ចប់ភារកិច្ច។

ជាមួយគ្នានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចំពោះការសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ ក៏បានបង្ហាញផងដែរ នូវបញ្ជីលេខទូរស័ព្ទថ្នាក់ដឹកនាំ និងមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ ដែលទទួលបន្ទុកការងារអ្នកជំងឺកូវីដ-១៩៕