(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញក្តីបារម្ភចំពោះបញ្ហាកើនឡើងនៃចំនួនអ្នកជាប់ឃុំបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ហើយស្នើឱ្យក្រសួងយុត្តិធម៌កម្ពុជា ពិចារណាក្នុងការដោះស្រាយបញ្ហានេះ។
ការបង្ហាញក្តីបារម្ភរបស់ អ្នករាយការណ៍ពិសេសរូបនេះ បានធ្វើឡើងក្នុងជំនួបជាមួយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ ខណៈដែលលោកស្រី មកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល១០ថ្ងៃ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបខាងលើនេះថា លោកស្រី រ៉ូណា ស្មីត បានបង្ហាញក្តីបារម្ភចំពោះការកើនឡើងនៃការឃុំខ្លួន ហើយលោកស្រីជំរុញឱ្យក្រសួងដោះស្រាយបញ្ហានេះ។
លោកថា «ជាការឆ្លើយតប យើងបានសិក្សាទៅលើករណីនេះ ក៏ប៉ុន្តែយើងមិនអាចធ្វើការដោះស្រាយអ្វីបានទេ ការសម្រេចឃុំខ្លួន ឬមិនឃុំ ជាឆន្ទានុសិទ្ធិរបស់តុលាការ យើងមិនអាចទៅបញ្ជាថា ករណីនេះត្រូវឃុំ ករណីនេះមិនត្រូវឃុំ យើងមិនអាចបញ្ជាលើចៅក្រមបានទេ»។
លោក ជិន ម៉ាលីន បានបន្ថែមថា ក្រសួងយុត្តិធម៌កំពុងរៀបចំគណៈកម្មការមួយ ដើម្បីសិក្សាធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌដើម្បីសម្រួលដល់ការឃុំខ្លួននេះ ប៉ុន្តែលោកអះអាងថា ការធ្វើវិសោធនកម្មនឹងធ្វើឡើងនៅពេលណានោះ នៅមិនទាន់មានការសម្រេចនៅឡើយ។ លោកថា «គាត់ក៏បានលើកយកអំពីការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌរបស់យើងមួយចំនួនដែរ ហើយយើងបានរាយការណ៍ជូនគាត់ថា យើងកំពុងតែសិក្សា និងបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាធ្វើវិសោធនកម្មទៅលើច្បាប់របស់យើង ពីព្រោះតុលាការអនុវត្តកន្លងមក គឺអនុវត្តតាមច្បាប់»។
របាយការណ៍ដែលបង្ហាញដោយ មន្រ្តីពន្ធនាគារ បានឱ្យដឹងថា រហូតដល់ពេលនេះ ពន្ធនាគារ នៅកម្ពុជា បានផ្ទុកចំនួនទណ្ឌិតច្រើនហួសកម្រិត ដែលមានទណ្ឌិតលើសចំនួនកំណត់ជាង២៣,៧៣ភាគរយ។ ពន្ធនារគារបច្ចុប្បន្ន បានផ្ទុកអ្នកជាប់ឃុំ ១៧,៨៩៦នាក់ ដែលមានចំនួន លើសកម្រិតកំណត់ ជាង៥ពាន់នាក់ ក្នុងនោះមាននៅរាជធានីភ្នំពេញ (មន្ទីរម១ ម២ និងម៣) ខេត្តស្ទឹងត្រែង ក្រចេះ ព្រះសីហនុ និងខេត្តកំពង់ស្ពឺ ជាដើម។
កាលពី ខែមករា ឆ្នាំ២០១៦ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ធ្លាប់បានបង្ហើបប្រាប់ Fresh News ឱ្យដឹងថា ចំនួនអ្នកជាប់ឃុំ ទាំងអស់ប្រមាណ ១៧ពាន់នាក់ នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះអ្នកទោសដែលមានសាលក្រមស្ថាពរតែ៣០ភាគរយប៉ុណ្ណោះ ចំណែក៧០ភាគរយទៀត មិនទាន់មានសាលក្រមស្ថាពរទេ៕