(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់បន្ថែមទៀត នៅសង្កាត់កាចាញ ក្រុងបានលុង តាមរយៈការធ្វើតេស្តរសហ័ស (Rapid Test) ដែលរកឃើញនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
អ្នកវិជ្ជមានខាងលើធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក តម្រូវឱ្យបុគ្គលទាំងនោះធ្វើចត្តាឡីស័ក និងដោយមានអាការៈមិនស្រួលខ្លួនបានស្ម័គ្រចិត្តធ្វើតេស្តសំណាក ជាលទ្ធផលអ្នកធ្វើតេស្តសំណាក ៤៣៦នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់។
រដ្ឋបាលខេត្តរតនគិរី សូមបន្តអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ និងតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 097 595 77 88/092 121 383/097 775 12 12៕