
រដ្ឋមន្ត្រីក្រសួងដែនដី និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះពិនិត្យឆ្នេរសមុទ្រ និងបឹងព្រែកទប់
22-03-2016 18:57
(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនិងថ្នាក់ដឹកនាំពាក់ព័ន្ធនានា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះត្រួតពិនិត្យតំបន់ឆ្នេរអូរឈើទាល (អតីតឆ្នេរអារីស្តុន) ឆ្នេរឯករាជ្យ (ឆ្នេរសណ្ឋាគារ៧ជាន់) រួមនិងបឹងព្រែកទប់ ដែលស្ថិតក្នុងក្រុងខេត្តព្រះសីហនុ ដែលកន្លងមកត្រូវបានក្រុមហ៊ុន ហ៊ុព័ទ្ធរបងទុកចោល និងឃុបឃិតគ្នាចេញប័ណ្ណ កម្មសិទ្ធិជាបន្តបន្ទាប់។
ក្រុមមន្ត្រីប្រតិភូបានប្រាប់ឲ្យដឹងថា ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំក្រសួងនាពេលនេះ គឺដើម្បីមានវិធានការថ្មីបន្តទៀត ចំពោះបញ្ហាប្រឈមដែលនៅសេសសល់ បន្ទាប់ពីការបើកឆ្នេរឲ្យប្រជាពលរដ្ឋ បានចូលលេងកំសាន្ត បានយ៉ាងសប្បាយរីករាយនាពេលកន្លងមក ៕