រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសរបស់ UN ជួបពិភាក្សាស្វែងយល់ការអនុវត្តសិទ្ធិមនុស្ស ក្នុងក្របខណ្ឌតំបន់ការពារធម្មជាតិ
22-03-2016 18:42
(ភ្នំពេញ)៖ លោករដ្ឋមន្រ្តី សាយ សំអាល់ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចូលជួបពិភាក្សាការងារ ដើម្បីស្វែងយល់អំពីស្ថានភាព អនុវត្តសិទ្ធិមនុស្ស នៅក្នុងក្របខណ្ឌតំបន់ការពារធម្មជាតិ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពការងារ កំណែទម្រង់របស់ក្រសួងបរិស្ថាន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ដើម្បីប្រសិទ្ធភាពកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ការពង្រឹងការត្រួតពិនិត្យវាយតម្លៃ គម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ច និងការដោះស្រាយផលប៉ះពាល់ ទៅលើប្រជាពលរដ្ឋ ដោយសារគម្រោងវិនិយោគ ក៏ដូចជា ការបង្កើតនិងអភិវឌ្ឍសហគមន៍ តំបន់ការពារធម្មជាតិ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់សិទ្ធិ របស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ។
ជាងនេះទៅទៀត លោករដ្ឋមន្រ្តីក៏បានលើកឡើងអំពីវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ការបែងចែកតួនាទីភារកិច្ចឱ្យដាច់ពីគ្នា រវាងស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ ដើម្បីធានាប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ដោយបានរំលេចអំពីភាពចាំបាច់ ក្នុងការរៀបចំក្រមបរិស្ថាន សំដៅធានាការពារសិទ្ធិសេរីភាព គ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាសិទ្ធិរបស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ៕