(ពោធិ៍សាត់)៖ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហការ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (ប៉ាដិក) នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងកែលម្អ បរិស្ថានជុំវិញបឹងទន្លេសាប ឱ្យមានសោភណ្ឌភាព ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់។

កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត និងមានការចូលរួមពី លោក ស្រី សុជាតិ អនុប្រធានទីប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោក ហ៊ឹម សារឿន អ្នកសម្របសម្រួលអង្គការសហការ ដើម្បីអភិវឌ្ឍន៍នៅកម្ពុជា (ប៉ាដិក) ព្រមទាំងលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ឃុំវាល ឃុំកោះជុំ និងមន្ទីរដែលការពាក់ព័ន្ធមួយចំនួនទៀត។

លោក ស្រី សុជាតិ បានលើកឡើងថា ក្រុងពោធិ៍សាត់ ជាបេក្ខភាពមួយ ដែលត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាម្ចាស់គម្រោង បានចាប់ផ្តើមសិក្សាតាំងពីឆ្នាំ២០១៣ ទើបតែចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ មានចំនួន ២គម្រោង គឺគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងគម្រោងទីលានកប់សំណល់រឹង។

លោកបានឱ្យដឹងថា បើគិតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១នេះ រួមមាន៖ គម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ គឺសម្រេចសាងសង់ប្រព័ន្ធលូមេបានប្រវែង ២៣គីឡូម៉ែត្រ ស្តារប្រព័ន្ធលូចាស់បានប្រវែង ២៣គីឡូម៉ែត្រ រួមនឹងជួសជុលគម្របលូ។ សាងសង់អាងប្រតិកម្មទឹកកខ្វក់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃលើផ្ទៃដី ៣ហិកតា។ ស្តារប្រឡាយសម្រាប់បញ្ចេញទឹក ដែលធ្វើប្រតិកម្មរួចប្រវែង ២,៨០០ម៉ែត្រ និងឈានដល់ការក្រាលកៅស៊ូ DBST ប្រវែង១៨,៥០០ម៉ែត្រ នៅលើផ្លូវដែលបានជីកកបលូរួច ព្រមទាំងចាក់បេតុងលើតួផ្លូវ ជុំវិញតំបន់ផ្សារថ្មីពោធិ៍សាត់ ប្រវែង ២,០៧៨ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ និងសាងសង់ឡើងវិញទំនប់ភូមិកោះ សង្កាត់លលកសបានប្រវែង ១,៥០០ម៉ែត្រ ដោយគម្រោងទាំងអស់នេះ ចំណាយថវិកា ១១៥លានដុល្លារ អនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក ទើបតែសម្រេចបាន៦២% និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២២។

លោក ស្រី សុជាតិ បានបន្ថែមទៀតថា គម្រោងទីលានកប់សំណល់រឹង ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប សាងសង់លើផ្ទៃដី ១៥ហិកតា លើផ្ទៃដីសរុប ២៨ហិកតា គ្រោងចំណាយថវិកា ១,៤លានដុល្លារ អនុវត្តដោយក្រុមហ៊ុន អ៊ឹង ស៊ឹមស៊ា សម្រេចបាន៦៧% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ទោះជាយ៉ាងនេះក៏ដោយក៏នៅមានបញ្ហាប្រឈមមួយចំនួនមានដូចជា៖ ការបញ្ចេញទឹក ដែលបានធ្វើប្រតិកម្មរួច តាមប្រឡាយមេ ដែលបានស្តាររួចប្រវែង២,៨០០ម៉ែត្រ មានឧបសគ្គនៅចុងប្រឡាយ ជាព្រំប្រទល់រវាងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំកោះជុំ ស្រុកកណ្តៀង មិនទាន់អាចភ្ជាប់ចុងប្រឡាយទៅអូរ ចុងប្រឡាយនោះបានឡើយ។ ការរៀបចំគ្រប់គ្រងសំណល់រាវ របស់ប្រជាពលរដ្ឋតាមមាត់ប្រឡាយក្បាលហុង ស្ថិតក្នុងភូមិសាស្ត្រ ឃុំវាល ស្រុកកណ្តៀង មិនទាន់អាចសម្រេចបានដោយសារភូមិសាស្ត្រនោះ ស្ថិតក្រៅដែនសមត្ថកិច្ចក្រុង និងកំពុងសុំកិច្ចសហការជាមួយរដ្ឋបាល ស្រុកកណ្តៀង។

បើតាមលោក អ៊ឹង គឹមលាង បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានជ្រើសរើសយកខេត្តពោធិ៍សាត់ ទទួលបាននូវគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប។ ទោះជាគម្រោងមួយនេះ បានសិក្សាតាំងពីឆ្នាំ ២០១៣ ក៏ដោយ ឥឡូវបានចាប់អនុវត្តជាបណ្តើរៗ នៅក្នុងទីប្រជុំជនក្រុងពោធិ៍សាត់។

ជាគ្នានេះដែរ លោកបានបន្ដថា ដើម្បីឱ្យគម្រោងទាំងនោះ ដំណើរការទៅបានរលូននោះ សូមឱ្យក្រុមហ៊ុន អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរដែលមានការពាក់ព័ន្ធ ត្រូវចូលរួមសហការ សំដៅធ្វើយ៉ាងណាឱ្យសំណង់ទាំងនោះកាន់តែគុណភាព ធានាបានយូរអង្វែងប្រយោជន៍បម្រើតម្រូវការរបស់ប្រជាពលរដ្ឋ៕