(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានថ្លែងឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារអំពើភេរវកម្មនៅកណ្ដាលទីក្រុងព្រុចសែល បានកើនឡើងដល់ ២៨នាក់ ចំណែកអ្នករបួស មានចំនួន ៥៥នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្ដិច។
លោក Charles Michel បាននិយយាថា «អ្វីដែលយើងភ័យខ្លាច នៅពេលនេះវាបានកើតឡើងហើយ ដោយយើងត្រូវរងការប្រហារពីសំណាក់សង្គមងងឹត»។
ជាមួយគ្នានេះផងដែរ ស្ថានទូតអាមេរិកប្រចាំទីក្រុងព្រុចសែល បានជួនដំណឹងដល់ពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសប៊ែលហ្សិក ឲ្យស្នាក់នៅកន្លែងដែលមានសុវត្ថិភាព និងចៀសវាងធ្វើដំណើរទៅកាន់កន្លែងសាធារណៈដូចជាចំណតរថយន្តក្រុង ផ្សារទំនើប ជាដើម។
គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២២ ខែមីនានេះ មានករណីបំផ្ទុះគ្រាប់បែកចំនួន ៣កន្លែង នៅក្នុងទីក្រុងព្រុចសែល ដោយមានពីរករណីកើតឡើងនៅអាកាសយានដ្ឋាន Brussels Airport និងមួយទៀតនៅផ្លូវរថភ្លើងក្រោមដី៕