(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្ទាប់ពីបានប្រមាថចំពោះសពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការប្រមាថ ហើយបានសម្រេចដកលោក ឌុច សុវណ្ណារី ចេញពីតំណែងផងដែរ។
សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»។
លោក ហុង ថែម បានទទួលមរណភាពនៅថ្ងៃទី១៤ ខែកក្កដា ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោក ហុង ថែម ជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពនេះ តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំពោះមរណភាពនេះផងដែរ។
លោក ឌុច សុវណ្ណារី មិនត្រឹមតែមិនបង្ហាញនូវការរំលែកមរណទុក្ខ ឬការសោកស្តាយ ចំពោះមរណភាពនេះនោះទេ ថែមទាំងបង្ហោះសារប្រមាថចំពោះមរណភាពនេះថែមទៀតផង។
លោក ឌុច សុវណ្ណារី បានបង្ហោះសារឌឺដងលើហ្វេសប៊ុកយ៉ាងដូច្នេះ «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»៕
លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច