(ស្វាយរៀង)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះពលករដែលមកពីក្រៅប្រទេស ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសត្រូវពង្រឹងវិធានការធ្វើចត្តាឡីស័កនៅតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី។
ការថ្លែងអំពាវនាវបែបនេះរបស់លោកស្រី ភឿង សកុណា បានធ្វើឡើងនៅក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានបច្ច័យមួយចំនួនដល់វត្តចំនួន៤ ស្ថិតនៅក្នុងឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកស្រីបានថ្លែងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ដែលបានបំពេញការងារស្នូល ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ផងដែរ។
ជាមួយគ្នានេះ លោកស្រីក៏បានសំណូមពរឱ្យរដ្ឋបាលស្រុក ត្រូវផ្តោតការយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋ ដែលបានធ្វើដំណើរចេញចូលក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងត្រូវយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ រីករាលដាលនៅក្នុងសហគមន៍ ជាពិសេសប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័កនៅតាមផ្ទះ។
លោកស្រី ភឿង សកុណា បានជំរុញឱ្យអាជ្ញាធរស្រុកស្វាយទាប ត្រូវយកចិត្តទុកដាក់ជាមួយកម្មករកម្មការិនី ដែលបម្រើការងារក្នុងរោងចក្រ ដែលមានវិជ្ជមានជម្ងឺកូវីដ១៩ អ្នកប៉ះពាល់ផ្ទាល់ឬប្រយោល ត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅដាច់ដោយឡែកពីក្រុមគ្រួសារ និងយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯង ដល់ក្រុមគ្រួសារ និងសហគមន៍ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣ការពារ ៣កុំ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ។
សូមបញ្ជាក់ថា ចំពោះវត្តទាំង៤នេះ លោកស្រី ភឿង សកុណា និងក្រុមការងារបានប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យចំនួន ៤០ម៉ឺនរៀល ក្នុងមួយវត្តផងដែរ៕