(ក្រចេះ)៖ នៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមដឹកនាំវេទិកាសាធារណៈ ដើម្បីស្តាប់ពីមហាជនសម្តែងនូវកង្វល់ ការមិនពេញចិត្ត និងសំណូមពរ នៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំពោះករណីវិវាទរវាងមហាជន ជាមួយដែនសមត្ថកិច្ច ជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាបណ្តាញសារព័ត៌មាន ដែលរំលោភលើតួនាទី បានជំរិតយកលុយពីមហាជនក្រីក្រ ដែលដឹកកំណាត់ឈើយកមកធ្វើរបង ឬជន្លង់ម្រេច ឬឈើសម្រាប់ធ្វើផ្ទះរបស់គេផ្ទាល់។
លោករដ្ឋលេខាធិការរូបនោះ បានបញ្ជាក់ថា សំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនធំត្រូវបានដោះស្រាយ។ ចំណែកការមិនពេញចិត្ត នៃភាពថ្នាំងថ្នាក់រវាងមហាជន និងមន្ត្រីរាជការ ក៏ត្រូវបានកែសម្រួលផងដែរ។
លោក ផៃ ស៊ីផាន បានរៀបរាប់បញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកថា៖
ថ្ងៃនេះជាថ្ងៃទី២ របស់ខ្ញុំក្នុងកិច្ចដឹកនាំវេទិកាសាធារណៈ ដើម្បីស្តាប់ពីមហាជនសម្តែងនូវកង្វល់ ការមិនពេញចិត្ត និងសំណូមពរ នៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ។ សំណូមពរមួយចំនួនធំត្រូវបានដោះស្រាយ។ ការមិនពេញចិត្តនៃភាពថ្នាំងថ្នាក់រវាងមហាជន និងមន្ត្រីរាជការ ក៏ត្រូវបានកែសម្រួល។
ខ្ញុំ និងសហការីបានចុះទៅពិនិត្យ និងសិក្សាដល់កន្លែងនៅក្នុងករណីវិវាទរវាងមហាជន ជាមួយដែនសមត្ថកិច្ច ជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាបណ្តាញសារព័ត៌មាន ដែលរំលោភលើតួនាទី បានជំរិតយកលុយពីមហាជនក្រីក្រ ដែលដឹកកំណាត់ឈើយកមកធ្វើរបង ឬជន្លង់ម្រេច ឬឈើសម្រាប់ធ្វើផ្ទះរបស់គេផ្ទាល់។
ចំណុចដែលខ្ញុំឈរលើកដៃ ទាំងពីរគឺជាកន្លែងប្រមូលផ្តុំអ្នកជំរិត និងធ្វើបាបប្រជាពលរដ្ឋ ជាពិសេសអ្នកទាំងអស់នោះដែលរស់នៅមូលដ្ឋានរបស់ខ្ញុំ។ កន្លែងដែលខ្ញុំឈរ គឺផ្លូវបំបែកជាបីផ្លូវត្រង់ គឺទៅកាន់ភ្នំជី ដែលជាផ្លូវប្រវត្តិសាស្ត្រ យូរលង់មកហើយ។ ចំណែកឯខាងស្តាំដៃ ឆ្ពោះទៅខេត្តកំពង់ធំ រីឯខាងឆ្វេងមកកាន់ស្រុកសំបូរ។ អរគុណចំណាត់ការរបស់សម្តេចតេជោ និងការអនុវត្តជាក់ស្តែងរបស់ ឯ.ឧ សៅ សុខា ក្នុងបេសកកម្មលុបបំបាត់បទល្មើសព្រៃឈើ ដែលគេអាចចោទថា ក្រុមឧកញ៉ាគ្រាក់ៗ ធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រនេះ។ ក៏ប៉ុន្តែប្រជាពលរដ្ឋតូចតាច ដែលលោកដើររើសកំណាត់ឈើ មកប្រើប្រាស់បានក្លាយជាទិសដៅនៃជនរងគ្រោះ។
ខ្លួនខ្ញុំផ្ទាល់បានពិភាក្សា និងដោះស្រាយជាមួយអាជ្ញាធរដែនដី និងអាចជាមួយ ឯ.ឧ រដ្ឋមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលនៅតំបន់នេះមាន «ផ្ទះឈើជ្រក» ទាំងអស់គ្នា។
នៅសល់ពេលបន្តិចបន្តួចនៅក្នុងថ្ងៃនេះ ខ្ញុំក៏បានបំពេញបេសកកម្មសង្គមបន្ថែមមួយទៀត ពីការបង្គាប់របស់ភរិយា និងកូនស្រីរបស់ខ្ញុំ ចូលរួមជួបជាមួយនិងគ្រួសារទីទល់ក្រ និងគ្មានឱកាសក្នុងកិច្ចផ្តល់សម្ភារៈ និងថវិកាមួយចំនួន។ ខ្លួនខ្ញុំផ្ទាល់ព្យាយាមឲ្យអស់ពីសមត្ថភាព ឲ្យពួកគាត់មានផ្ទះសម្បែង និងដីធ្លីត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ខ្លួនខ្ញុំផ្ទាល់ និងសហការី ខ្ញុំថ្លែងអំណរគុណដល់យុវជនស្ម័គ្រចិត្តសម្តេចតេជោ ក៏ដូចជាសម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ផ្ទាល់ ដែលលោកបានចាត់វិធានការឲ្យយុវជនចុះវាស់វែងនៅក្នុងតំបន់នេះ។ ជាលទ្ធផលមិនត្រឹមតែ គេមានកម្មសិទ្ធិផ្ទាល់នោះទេ ប៉ុន្តែតំបន់នេះនឹងក្លាយទៅជាតំបន់ដែលមានសក្កានុពលសេដ្ឋកិច្ច នៅខាងមុខ៕