(ភ្នំពេញ)៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើសារលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្រេចឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានប្រមាណ២លាននាក់។
រដ្ឋន្ដ្រីក្រសួងអប់រំរូបនេះ បានគូសបញ្ជាក់ថា ការសម្រេចចិត្តបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់នាពេលខាងមុខ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពស៉ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំនេះ បានធ្វើឡើងតាមសារជាសំឡេងពិសេសមួយនាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង៕