(ភ្នំពេញ)៖ ម៉ូនូមែនប៊ុក (Monument Books Co.,Ltd) តែងតែបរិច្ចាគសៀវភៅអាន ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយដល់កុមារក្នុងសហគមន៍ក្រីក្រ អំឡុងពេលដែលសាលារៀនពួកគេត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារជំងឺកូវីដ១៩ ហើយនេះជាឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំផងដែរ។
ជាក់ស្តែង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉េង ហៀង និងលោកស្រី ថេង ធារី អគ្គនាយក/អគ្គនាយិកា ម៉ូនូមែនប៊ុក បានបន្តបរិច្ចាគសៀវភៅអានជាភាសាអង់គ្លេស ចំនួន ២៤០០ក្បាលទៀត ដល់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children's Fund) ដើម្បីយកទៅចែក និងយកទៅធ្វើជាឧបករណ៍បង្រៀនកុមារ ក្នុងសហគមន៍ក្រីក្រ។
ក្នុងឱកាសប្រគល់សៀវភៅ កញ្ញា ម៉េង ម៉ារីលីន កូនស្រីបង្កើតម្ចាស់ ម៉ូនូមែនប៊ុក បានថ្លែងថា ម៉ូនូមែនប៊ុក បានស្វះស្វែង និងទំនាក់ទំនងទៅបណ្តាក្រុមហ៊ុនបោះពុម្ភ ក្រៅប្រទេស ដើម្បីស្នើសុំជំនួយឧបត្ថម្ភមកសិស្សានុសិស្ស នៅតាមទីជនបទ ដែលកំពុងខ្វះខាត។ McGraw-Hill បានគាំទ្រ និងបរិច្ចាគសៀវភៅភាសាអង់គ្លេស សម្រាប់កុមារកម្រិតបឋមសិក្សា ហើយម៉ូនូម៉ែនប៊ុក បានទទួលនិងចាត់ចែងទៅតាមបណ្តាសាលារៀន និងអង្គការជាដៃគូរ ដើម្បីធ្វើយ៉ាងណាឲ្យសៀវភៅទាំងនេះ បានដល់ដៃសិស្សានុសិស្សខ្វះខាតពិតប្រាកដ។
កាលពីអំឡុងខែមិនាកន្លងទៅ ម៉ូនូមែនប៊ុក បានប្រគល់ជូនទៅសាលារៀននៅស្រុកកោះសូទិន ចំនួនជាង ៣ពាន់ក្បាល ដែលមានតម្លៃជាទឹកប្រាក់ជាង ២០,០០០ដុល្លារអាមេរិក តាមរយៈក្រសួងព័ត៌មាន ហើយនៅខែមិថុនា បានប្រគល់ជិត ២ពាន់ក្បាលទៀត ដែលមានតម្លៃជាទឹកប្រាក់ ១០,៨០០ដុល្លារអាមេរិក តាមរយៈអង្គការទស្សនៈពិភពលោក។ «ម៉ូនូមែនប៊ុក នឹងបន្តចែកចាយចំនួនស្តុក ដែលនៅសល់ជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗនេះ»។ នេះបើតាមកញ្ញា ម៉េង ម៉ារីលីន៕