(ភ្នំពេញ)៖ សមាជិកសភាកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា ផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវ និងការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ កំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។
ការគូសរំលេចរបស់សមាជិកសភាវ័យក្មេងរូបនេះ បានធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងសារពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្មេង និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ មានចំនួនសរុបប្រមាណ ២លាននាក់ ហើយរាជរដ្ឋាភិបាលនឹងរកវ៉ាក់សាំងបន្ថែម ៤លានដូស ដើម្បីចាក់ជូនពួកគេ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យនេះ មានសារៈសំខាន់ណាស់ ក្នុងការបង្កើតភាពសុាំក្នុងសង្គម ឈានទៅបើកដំណើរការសង្គមបានកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងគាំទ្រ ដល់ចំណាត់ការនេះ។ លោក ក៏បានលើកឡើងថា ការដាក់ចេញផែនការនេះ គឺបង្ហាញឱ្យឃើញពីសមត្ថភាព ការទទួលខុសត្រូវ និងការវាយតម្លៃបានត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩។
លោក ហ៊ុន ម៉ានី បានគូសរំលេចដូច្នេះ «យុទ្ធសាស្រ្ត និងវិធានការដែលបានដាក់ចេញជាបន្តបន្ទាប់ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ចំពោះស្ថានភាពរបស់កម្ពុជា លើគ្រប់ទិដ្ឋភាព មិនថាតែលើទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ»។
លោក ហ៊ុន ម៉ានី បានបន្ថែមថា ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវជននេះ មិនត្រឹមតែអាចចលនាឱ្យចរន្តសង្គម និងសេដ្ឋកិច្ចមានការរស់រវ៉ើកឡើងវិញប៉ុណ្ណោះទេ។ ប៉ុន្តែជាការយកចិត្តទុកដាក់ជាពិសេសទៅដល់សុខមាលភាពរបស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី សម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ក៏នឹងអាចបង្ករលទ្ធភាពឲ្យមានការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពផងដែរ។
អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះបន្តថា យន្តការនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា បានទទួលនូវការកោតសរសើរជាបន្តបន្ទាប់ទាំងប្រសិទ្ធភាពនៃយន្តការ និងល្បឿននៃការចាក់។ ជាងនេះទៅទៀត ការទទួលបាននូវវ៉ាក់សាំងក្នុងល្បឿនមួយយ៉ាងលឿន តាមរយៈទាំងយន្តការពហុភាគី និងទ្វេភាគី បានស្តែងឱ្យឃើញពីសមិទ្ធផលដ៏ធំធេងកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយទេពកោសល្យ និងគុណធម៌លើឆាកអន្តរជាតិរបស់សម្តេចតេជោ ហ៊ុន សែន៕