(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធអនឡាញ (Zoom)។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា, លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក គឹម យាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី។
ការចុះអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំង៣នាពេលនេះ ធ្វើឡើងដើម្បីចូលរួមចំណែកដល់ការពង្រឹងការអនុវត្តមុខងាររបស់សភាជាសមាជិក AIPA តាមរយៈការជួយអភិវឌ្ឍសមត្ថភាពមន្ត្រីសភា ដើម្បីផ្តល់សេវាកាន់តែមានគុណភាពដល់សមាជិក សមាជិកាសភា ដែលត្រូវការព័ត៌មានបែបវិភាគគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍ ពីមន្រ្តីដែលមានចំណេះដឹង និងជំនាញបច្ចេកទេសច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកកាន់តែខ្ពស់ពីម្ចាស់ឆ្នោត។
បើតាម លោក គឹម យាតដារ៉ារិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសភាអាស៊ី បានឱ្យដឹងថា ការវិវដ្តនេះធ្វើឡើងផ្អែកតាមការស្នើសុំរបស់ភាគីពាក់ព័ន្ធរបស់ PIC ដែលមានតាំងពី១០ឆ្នាំមុន។ ការបង្កើត វិទ្យាស្ថានសភាកម្ពុជា (PIC) គឺកើតចេញពីការផ្តួចផ្តើមដោយសមាជិក សមាជិកាសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានសភា ហើយការបង្កើត PCAsia ក៏ផ្អែកលើលទ្ធផលដែល PIC ទទួលបានក្នុងអំឡុងពេល១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះដែរ។ លោកបានបន្តថា លទ្ធផលនេះជាភស្តុតាងដែលកសាងបាន និងមើលឃើញដោយដៃគូពាក់ព័ន្ធរួមមាន សភាដែលទទួលបានការគាំទ្រពីវិទ្យាស្ថាន ដៃគូអភិវឌ្ឍន៍ និងដៃគូអនុវត្ត ដូចជាសភាបារាំង កាណាដា ជាដើម) ទើបបានជម្រុញឱ្យវិទ្យាស្ថានសភាកម្ពុជាពង្រីកសកម្មភាពពីកម្រិតជាតិទៅកម្រិតតំបន់។
ជាមួយគ្នានេះដែរ លោក គឹម យាតដារ៉ារិទ្ធ ជំរុញការចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងនឹងកិច្ចការសភាក្នុងចំណោមសភាជាសមាជិកAIPA និងជាមួយសភាដទៃទៀតលើពិភពលោក ដើម្បីរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ (South-South) (North/South) (South/North) នៅក្នុងបរិបទភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។
ដូច្នេះ PCAsia គឺផលិតផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការត្រីកោណ គឺសភាកម្ពុជាជាអ្នកដែលបានផ្តួចផ្តើមបង្កើតកម្មវិធីភាពជាដៃគូតាមតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ (Southern-Driven Partnership program) (PCAsia) រវាងសភាជាសមាជិក AIPA តាមរយៈលេខាធិការដ្ឋាន AIPA។ លទ្ធផលនេះកើតឡើងដោយមានការជួយគាំទ្រផងដែរពីដៃគូដទៃទៀត ដូចជា SDC, Sida។
លោក ឡេង ប៉េងឡុង បានសម្តែងនូវអំណរគុណដល់វិទ្យាស្ថានសភាកម្ពុជា (PIC) ដែលបានជួយគាំទ្រដល់ ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹកសមត្ថភាពជំនាញដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកន្លងមក និងសូមអបអរសាទរចំពោះការវិវត្តរបស់វិទ្យាស្ថានសភាកម្ពុជា ទៅជាមជ្ឈមណ្ឌលសភាអាស៊ី។
លោកបានថ្លែងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជាមួយមជ្ឈមណ្ឌលសភាអាស៊ី នាថ្ងៃនេះមានសារសំខាន់ណាស់ក្នុងការបង្កើតក្របបខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការ ក្នុងភាពជាដៃគូអភិវឌ្ឈរវាងសភាកម្ពុជា និងមជ្ឈមណ្ឌលសភាអាស៊ី ដើម្បីរួមគ្នារៀបចំកម្មវិធីបណ្តុះបណ្តាល ក្នុងការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីសភាកម្ពុជា លើជំនាញចាំបាច់ដែលជាតម្រូវការរបស់សភាកម្ពុជា ជាអាទិ៍ជំនាញ ស្រាវជ្រាវសភា ការបណ្តុះបណ្តាលគ្រូបង្គោល វិភាគសារពើពន្ធ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ការងាររបស់គណៈកម្មការសភា និងជំនាញពាក់ព័ន្ធកិច្ចការសភាផ្សេងទៀត ព្រមទាំងសហការគាំទ្រដល់ការរៀបចំវេទិការ និងសិក្ខាសាលា លើប្រធានបទសំខាន់ៗជាតម្រូវការរបស់សភា។
អគ្គលេខាធិការដ្ឋានរដ្ឋសភាសង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌសភាអាស៊ី ក្នុងការអភិវឌ្ឍសមត្ថភាពជំនាញរបស់មន្រ្តីអគ្គលេខាធិការដ្ឋានសភា និងសម្រាប់ការអនុវត្តសកម្មភាពនានាក្នុងការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរវាងសភាក្នុងតំបន់ និងសភានានា ដើម្បីបំរើសេវាជូនគណៈកម្មការនានា និងសមាជិក សមាជិការដ្ឋសភា ពិសេសបម្រើសេវាផ្សេងៗជូនរដ្ឋសភាក្នុងការអនុវត្តមុខងារទាំងបី។
ដោយឡែក លោក អ៊ុំ សារឹទ្ធ បានសម្តែងនូវការអបអរសាទរដល់មជ្ឈមណ្ឌលសភា អាស៊ី ដែលបានវិវឌ្ឍខ្លួនពីវិទ្យាស្ថានសភាកម្ពុជាមកជា មជ្ឈមណ្ឌលសភាអាស៊ី ដែលមិនត្រឹមតែពង្រីកនូវវិសាលភាពការងាររបស់ខ្លួនជួយដល់សភាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកខ្លួនក្លាយជាមជ្ឈមណ្ឌលសភាតំបន់មួយ ដែលមានការទទួលស្គាល់ពីសំណាក់អង្គការអន្តរសភាតំបន់រួមមាន AIPA និងដៃគូអភិវឌ្ឍន៍នានា។
ក្នុងន័យនេះ លោកសូមវាយតម្លៃខ្ពស់ចំពោះវិភាគទានដ៏ថ្លៃថ្លាជាបន្តបន្ទាប់របស់ទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការស្វីស (SDC) ដែលតែងសកម្មចូលរួមជួយអភិវឌ្ឍសមត្ថភាពសភាកម្ពុជា។ ពិធីចុះហត្ថលេខានាថ្ងៃនេះ ពិតជាមានសារសំខាន់ និងបើកទំព័រមួយថ្មីដល់ការចាប់ផ្តើមនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការថ្មីរវាងមជ្ឈមណ្ឌលសភាអាស៊ី និងស្ថាប័នសភាទាំងពីរ ដោយផ្តោតទៅលើការកសាងសមត្ថភាពប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ដល់មន្ត្រី របស់ស្ថាប័នសភាទាំងពីរ ដើម្បីចូលរួមចំណែកជាមួយសភាកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងការសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោក អ៊ុំ សារឹទ្ធ បានបន្តថា នៅក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ស្ថាប័នទាំង៣ នឹងសហការគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញដល់មន្ត្រីរបស់ស្ថាប័នសភាទាំង២ ពាក់ព័ន្ធនឹងវិស័យស្រាវជ្រាវនានារួមមាន ជំនាញស្រាវជ្រាវសភា គ្រូបង្គោល ជំនាញវិភាគសារពើពន្ធ ការទូតសភា ការប្រាស្រ័យឆ្លើយឆ្លងសភា បច្ចេកទេសក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងជំនាញថ្មីៗពាក់ព័ន្ធនឹងកិច្ចការសភាផ្សេងៗទៀត ព្រមទាំងសហការគាំទ្រដល់ការៀបចំវេទិកាសាធារណៈតាមភូមិភាគ និងមណ្ឌលតំណាងរាស្ត្រ រួមទាំងសិក្ខាសាលាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការសភា និងទំនាក់ទំនងអន្តរជាតិ។
តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ លោកជឿជាក់ថាកិច្ចសហការ និងភាពជាដៃគូរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងមជ្ឈមណ្ឌលសភាអាស៊ី នឹងបង្កើតបាននូវសក្តានុពលថ្មីមួយ តាមរយៈការផ្លាស់ប្តូរនូវបទពិសោធន៍លើការគ្រប់គ្រង និងការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ សន្និសីទ សិក្ខាសាលា ព្រឹត្តិការណ៍នានារួមគ្នា និងការចែករំលែកឯកសារលទ្ធផលបានមកពីការស្រាវជ្រាវពាក់ព័ន្ធនឹងកិច្ចការសភា និងការទូតសភា ជាពិសេសក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ។
ទន្ទឹមនឹងនេះ កម្រិតសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ត្រូវបានបង្កើនគុណភាព និងសក្តានុពលថ្មី ពុំមែនត្រឹមតែសហប្រតិបត្តិការរវាងខាងជើង និងខាងត្បូងប៉ុណ្ណោះទេ តែជាសហប្រតិបត្តិការត្បូង-ត្បូងផងដែរ៕