(ភ្នំពេញ)៖ អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត (Rona Smith) បានមកដល់ប្រទេសកម្ពុជា កាលពីម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃ ក្នុងគោលដៅស្រាវជ្រាវអំពីបញ្ហាសិទ្ធិស្រ្តី និងជនជាតិដើមភាគតិច ក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា លោកស្រី រ៉ូណា ស្មីត ចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ក្នុងនោះ លោកស្រីមានគម្រោងជួបប្រជុំជាមួយសមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភា។
លោកស្រីនឹងជួបផងដែរ ជាមួយតំណាងសង្គមស៊ីវិល ក្រុម អ.ស.ប ប្រចាំប្រទេសកម្ពុជា និងសហគមន៍ថែមទៀត។ ក្រៅពីនោះ លោកស្រី រំពឹងផងដែរថា នឹងធ្វើទស្សនកិច្ច នៅតាមបណ្តាខេត្ត របស់កម្ពុជាមួយចំនួនទៀត ដើម្បីប្រមូលព័ត៌មានជាក់ស្ដែងដោយផ្ទាល់។
លោកស្រី រ៉ូណា ស្មីត ទទួលបានការតែងតាំងជា អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកបញ្ហានៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្លូវការលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ផងដែរ៕