(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានបន្តទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនសម្រាប់យកទៅប្រើប្រាស់ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
នៅក្នុងឱកាសនោះដែរ លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី គឹម ឡៃហួត អាជីវករលក់គ្រឿងសំណង់សាន់ ហួយមាន ដែលចូលរួមឧបត្ថម្ភ សម្ភារៈ បរិក្ខារ និងថវិកា ដល់អាជ្ញាធរខេត្តសម្រាប់យកទៅប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរីករាលដាលចូលក្នុងសហគមន៍ ពិសេសនៅក្នុងខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចូលរួមឧបត្ថម្ភ គាំទ្រ ជាសម្ភារៈ និងថវិកាដល់អាជ្ញាធរខេត្តពីសំណាក់លោកស្រី គឹម ឡៃហួត នៅពេលនេះ បានបង្ហាញអោយឃើញពីការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកសង្ឃឹម និងជឿជាក់ថា សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្តនឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត។
សូមបញ្ជាក់ថា សម្ភារៈ បរិក្ខារ ដែលលោកស្រី គឹម ឡៃហួត អាជីវករលក់គ្រឿងសំណង់ សាន់ ហួយមាន បាននាំឧបត្ថម្ភដល់រដ្ឋបាលខេត្តឧត្តរមានជ័យនៅពេលនេះរួមមាន៖ទឹកសុទ្ធវីតាល់ចំនួន ១០០កេស, មីចំនួន ៥០កេស, ត្រីខចំនួន ០៥កេស និងថវិកា ១,០០០,០០០រៀលផងដែរ៕