(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៍មានពីការស្លាប់បាត់បង់ជីវិតមនុស្ស២នាក់ទៀត ដោយជំងឺកូវីដ១៩ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៩៧ករណីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន១នាក់ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែកក្កដានេះ ក៏បានបញ្ជាក់ថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ ទាំង២នាក់នេះ គឺម្នាក់ជាស្ត្រីវ័យចំណាស់ អាយុ៧៤ឆ្នាំ រសនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងម្នាក់ទៀតជាស្ត្រីវ័យ៣៤ឆ្នាំ រស់នៅឃុំត្បូងឃ្មុំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងថ្ងៃនេះដែរ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៩៧នាក់ថែមទៀត។ក្នុងចំណោមអ្នកជំងឺកូវីដទាំង៩៧នាក់ មានអ្នកជំងឺចំនួន៦០នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និង៣៧នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកក្កដានេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន២៣១៩ករណី ក្នុងនោះករណីនាំចូលពីបរទេស ចំនួន២១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១៦២ករណី បានព្យាបាលជាសះស្បើយចំនួន ៤៩០នាក់ កំពុងសម្រាកព្យាបាល ចំនួន១៨២៣នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៦នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖