(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី៤៧ របស់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរកម្មតាមប្រធានបទចំនួន២៣ និងកិច្ចពិភាក្សាចំនួន ៧ ព្រមទាំងបានអនុម័តសេចក្ដីសម្រេចចិត្ត (Resolution) ចំនួន២៥ និងការសម្រេចចិត្ត (Decision) ចំនួន២ លើបញ្ហាតាមប្រធានបទ និងតាមប្រទេសនានា។ អំឡុងពេលចូលរួមកិច្ចប្រជុំរយៈពេល៤ សប្ដាហ៍នេះ (ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ចំនួន១៧លើក ដោយបានលើកបង្ហាញអំពីសមិទ្ធផលនិងវឌ្ឍនភាព ក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ដែលខ្លឹមសារសំខាន់ៗមាន ដូចតទៅ៖
- ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានទេ លុះត្រាតែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ វ៉ាក់សាំងកូវីដ១៩ ត្រូវតែជាទំនិញសាធារណៈសកល ដែលត្រូវចែកចាយក្នុងស្មារតីមនុស្សធម៌ដល់ប្រទេសទាំងអស់។ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% នៃប្រជាជនគោលដៅ (គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)។
- ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារដែលរងគ្រោះខ្លាំងបំផុត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រតាមរយៈប្រព័ន្ធឌីជីថល ដោយផ្អែកលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធភាព។ កញ្ចប់គាំពារសង្គមជាច្រើនទៀតកំពុងតែត្រូវបានអនុវត្ត ដើម្បីជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងតំបន់បិទខ្ទប់។
- ទាក់ទងនឹងសិទ្ធិទទួលបានលំនៅដ្ឋាន កម្ពុជាបានដាក់ចេញនូវគោលនយោបាយដីធ្លីគ្រប់ជ្រុងជ្រោយ ដូចជា ដីសម្បទានសង្គមកិច្ច ការបែងចែកដីធ្លីសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពរបស់ប្រជាជនក្នុងការទទួលបានដី និងលំនៅដ្ឋាន ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម។
- កម្ពុជាប្តេជ្ញាចិត្តបញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំនៅគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល។ កម្ពុជាក៏កំពុងរៀបចំ Òផែនការសកម្មភាពយុទ្ធសាស្រ្តសម្រាប់សុខភាពផ្លូវចិត្ត ឆ្នាំ ២០២២-២០២៦” ។
- ទោះបីជាអត្រាជំងឺហង់សិនឬឃ្លង់ មានកម្រិតទាបនៅប្រទេសកម្ពុជាក៏ដោយ ការលុបបំបាត់ជំងឺនេះនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល។ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីព្យាបាលអ្នកជំងឺដោយមិនគិតថ្លៃ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
- ជារដ្ឋភាគីនៃអនុសញ្ញាស្ដីពី Òការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រីភេទÓ (CEDAW) កម្ពុជាប្ដេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគាំពារសង្គមជាច្រើន ក៏ដូចជាការផ្ដល់ជូនសេវាសុខភាពផ្លូវភេទនិងបន្តពូជនៅតាមកន្លែងជាច្រើន ដល់ស្ត្រី។
- កម្ពុជាពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ភេទស្ត្រី(Female Genital Mutilation)នោះទេ។ ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។
- ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កម្ពុជាផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់ការលុបបំបាត់រាល់អំពើហិង្សាលើស្ត្រីនិងកុមារី រួមទាំងការរំលោភសេពសន្ថវៈ។ ក្របខ័ណ្ឌច្បាប់និងគោលនយោបាយជាច្រើនដែលផ្ដោតលើអភិក្រមគាំទ្រជនរងគ្រោះ រួមមានការបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់និងមន្ត្រីមូលដ្ឋាន ក៏ដូចជាជំនួយផ្នែកច្បាប់នានា ត្រូវបានដាក់ចេញ និងផ្តល់ជូន ក្នុងគោលដៅការពារនិងឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះ បទឧក្រិដ្ឋនេះ។
- ក្នុងនាមជារដ្ឋភាគីនៃពិធីសារ Palermo ឆ្នាំ ២០០៧ កម្ពុជាបន្តប្រកាន់យកនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស ដោយបញ្ចូលស្មារតីនិងគោលការណ៍នៃពិធីសារនេះ ទៅក្នុងវិសោធនកម្មច្បាប់ជាតិ ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
- នៅកម្ពុជា អ្នកជួញដូរគ្រឿងញៀនត្រូវប្រឈមនឹងបទចោទ ប៉ុន្តែមិនត្រូវបានផ្តន្ទាទោសប្រហារជីវិតនោះទេ។ អ្នកប្រើប្រាស់គ្រឿងញៀនគឺជាជនរងគ្រោះ ដែលអាចទទួលបានការព្យាបាល ការប្រឹក្សាយោបល់ផ្លូវចិត្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលបន្សាប និងស្តារនីតិសម្បទា និងនៅមណ្ឌលសុខភាព។
- គណៈប្រតិភូកម្ពុជាបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។
- ពាក់ព័ន្ធនឹងសេរីភាពគំនិត និងការបញ្ចេញមតិ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ថាមេរោគកូរ៉ូណាវីរុសគឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយនិងការផ្សាយព័ត៌មានមិនពិតបង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញផ្សាយនូវការពិត។ ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានផ្ដល់អាទិភាពដល់អ្នកសារព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្ត ចាប់តាំងពីខែកុម្ភៈ ដើម្បីធានាបានថា អ្នកសារព័ត៌មានអាចបំពេញការងារជួរមុខរបស់ខ្លួន ដោយ
សុវត្ថិភាព និងបន្តផ្ដល់ព័ត៌មានពិតជូនសាធារណៈជន អំឡុងពេលនៃជំងឺរាតត្បាតនេះ។
- ចំពោះសិទ្ធិទទួលបានការអប់រំ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ថា ទោះបីជាជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់វិស័យអប់រំក៏ដោយ កម្ពុជាបានធានានូវការបន្តការសិក្សាអប់រំនៅតាមប្រព័ន្ធអនឡាញ។ ក្នុងការត្រៀមបើកសាលារៀនឡើងវិញ នៅពេលដែលស្ថានភាពអនុញ្ញាត កម្ពុជាត្រូវបានអង្គការយូណេស្កូ កោតសរសើរថា ជាប្រទេសមួយក្នុងចំណោម ១៧ប្រទេស ក្នុងពិភពលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងជូនដល់គ្រូបង្រៀន។ លើសពីនេះ កម្ពុជាក៏បានដាក់ចេញនូវ Òផែនការវិស័យអប់រំÓ ថ្មី (២០១៩-២០២៣) ដោយសង្កត់ធ្ងន់លើគោលការណ៍នៃការអប់រំប្រកបដោយបរិយាប័ន្ន សមធម៌ និង គុណភាព ក៏ដូចជាលើកកម្ពស់ឱកាសការសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
- ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ត្រូវបានបង្ហាញឲ្យឃើញតាមរយៈទិដ្ឋភាពគណនេយ្យភាព អប់រំ និងការពារ។
ក្នុងអំឡុងសម័យប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាបានចូលរួមគាំទ្រ (co-sponsor) សេចក្ដីថ្លែងការណ៍រួមចំនួន ១១ ការសម្រេចចិត្ត (Decision) ចំនួន០១ និងសេចក្ដីសម្រេចចិត្ត(Resolution) ចំនួន០៣ លើប្រធានបទជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ដូចជាសិទ្ធិមនុស្សចាស់ សិទ្ធិជនទេសន្តរប្រវេសន៍ ការបែងចែកវ៉ាក់សាំងដោយយុត្តិធម៌និងសមធម៌ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ ជំងឺហង់សិន ការពង្រឹងការចងក្រងឯកសារនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ទំនាក់ទំនងរវាងការអភិវឌ្ឍនិងសិទ្ធិមនុស្ស ជាដើម ៕