(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន និងក្រុមព្រះខ័នរាជស្វាយរៀង បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញពេញ ៩០នាទីស្មើគ្នា ៣-៣ ក្នុងជំនួបសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជានៅព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
ជំនួបដ៏កក្រើកកីឡដ្ឋាន RSN ក្រោមតំណក់ទឹកភ្លៀវនេះគិតត្រឹមនាទី៤៥ ក្រុមព្រះខ័នរាជស្វាយរៀងបាននាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដែលធ្វើបានសម្រេចដោយកីឡាករ Privat នៅនាទី៣៩ និងនាទី៤៥។ ប៉ុន្ដែមុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់វគ្គទី១ កីឡាករ លឹម ពិសុទ្ធ ក៏វាយបកបាន ១គ្រាប់ឲ្យភ្នំពេញក្រោនវិញនៅនាទី៤៥+២។
ចូលវគ្គទី២ ការប្រកួតកាន់តែតានតឹងបន្ទាប់ពីកីឡាករ លឹម ពិសុទ្ធ រកបានគ្រាប់បាល់តាមស្មើ ២-២ នៅនាទី៦២ មុនកីឡាករ ប្រាក់ ធីវ៉ា បន្ថែមគ្រាប់បាល់ទី៣ ជួយឲ្យក្រុមភ្នំពេញក្រោន បើកការនាំមុខក្រុមភ្ញៀវ ៣-២ វិញនៅនាទី៧៣។ តែយ៉ាងណាក្រុមលោក Conor Nestor បានព្យាយាមវាយបករហូតរកបានគ្រាប់បាល់តាមស្មើ ៣-៣ នៅនាទី៨០ ដែលធ្វើបានសម្រេចដោយកីឡាករ Lopez Mendy ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួតតែម្តង។
តាមរយៈការចែកគ្នា ១ពិន្ទុម្នាក់នេះបានធ្វើឲ្យក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង រកបាន ១៣ពិន្ទុស្មើគ្នាគិតត្រឹមសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ប៉ុន្ដែភ្នំពេញក្រោន ទើបប្រកួតបាន ៥ដង ឈ្នះ៤ និងស្មើ១ ស្របពេលស្វាយរៀង ប្រកួត ៧ដង ឈ្នះ៤ ស្មើ១ និងចាញ់ ២ប្រកួត៕