(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យ ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ធ្វើតែស្តរហ័សរកមេរោគកូវីដ១៩ ទៅលើមន្រ្តី និងបុគ្គលិករបស់ខ្លួនប្រមាណ ៥ទៅ១០ភាគរយជាប្រចាំ យ៉ាងហោចណាស់ឱ្យបាន ១ដង ក្នុងចន្លោះ ១-២សប្តាហ៍ ដើម្បីរួមចំណែកក្នុងការរុករកវត្តមាននៃអ្នកផ្ទុកមេរោគកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមគោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងគោលការណ៍ណែនាំនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ដោយសារការធ្វើតែស្តរហ័សចំណាយរយៈពេលខ្លី និងប្រើប្រាស់ថវិកាតិច ឧបករណ៍តេស្តរហ័សនេះ នឹងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍ និងការរុករកករណីលាក់បាំង (ដូចជាករណីដែលមិនមានរោគសញ្ញា) ដើម្បីរក្សានិរន្តរភាពការងារនៅតាមទីតាំងមួយចំនួន ដូចជា គ្រឹះស្ថានសេវាសុខាភិបាលសាធារណៈរបស់រដ្ឋ និងឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស ដោយរួមទាំងកន្លែងស្នាក់នៅប្រមូលផ្តុំក្នុងការដ្ឋាន សំណង់, ទីផ្សារ, ធនាគារ, មណ្ឌលកម្សាន្តនានា និងទីកន្លែងអាជីវកម្មផ្សេងទៀត ដែលមានសារសំខាន់ ចំពោះកិច្ចបើកដំណើរការពេញលេញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ។ ដូច្នេះការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរុករកវត្តមាននៃអ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងទាំងនោះ ។
គោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ ចំនួន២៦ទំព័រ បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះ ដើម្បីពង្រឹងយន្តការកាត់បន្ថយហានិភ័យនៃវត្តមានរបស់អ្នកផ្ទុកមេរោគកូវីដ-១៩ នៅតាមទីតាំងខាងលើគោលការណ៍ណែនាំប្រតិបត្តិសម្រាប់ការធ្វើតែស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមស្ថាប័នរដ្ឋ ឬឯកជននានា ត្រូវមានការរៀបចំឡើងជាលម្អិត ដែលប្រធានស្ថាប័ន ឬអង្គភាពទទួលបន្ទុក គួរអនុវត្តតាមវិធានការដូចខាងក្រោម ៖
- រៀបចំផែនការធ្វើតែស្តរហ័សតាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត (Periodic) និងសមស្របនឹងហានិភ័យស្ថាប័ន ឬអង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើបុគ្គលិកចំនួនយ៉ាងតិច ៥-១០% នៃបុគ្គលិកក្នុងស្ថាប័ន ឬអង្គភាព (ដោយក្នុងសំណាកនីមួយៗត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា) ។ ផែនការនេះគួរធានាថា បុគ្គលិកទាំងអស់ ដែលមានវត្តមានលើបរិវេណស្ថាប័ន ឬអង្គភាព ទទួលបានការ ធ្វើតែស្តរហ័សជាប្រចាំ (យ៉ាងតិច ១ ដង ក្នុងចន្លោះ ១ ទៅ ២ សប្តាហ៍)។ ស្ថាប័ន ឬ អង្គភាពនីមួយៗត្រូវផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីផែនការនៃការធ្វើ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ របស់ខ្លួន។
- កំណត់បុគ្គលិកដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកដែលមានការប្រាស្រ័យទាក់ទង ជាមួយបុគ្គលិកផ្សេងទៀត ឬមនុស្សក្រៅស្ថាប័ន ឬអង្គភាពច្រើន រួចធ្វើតែស្តរហ័សឱ្យញឹកញាប់លើបុគ្គលិកទាំងនោះ។
- ប្រសិនបើមានករណីវិជ្ជមាន ឬមានការផ្ទុះនៃជំងឺកូវីដ-១៩ ត្រូវអនុវត្តតាម គោលការណ៍ ណែនាំប្រតិបត្តិស្តីពីការប្រើប្រាស់គេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថាន សុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ- ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និង សម្រាប់បុគ្គលឯកជន របស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១។
- ក្នុងករណីមានលទ្ធផលតេស្តរហ័សវិជ្ជមានលើបុគ្គល ដែលត្រូវបានចាត់ទុកថាជាបុគ្គលមាន ហានិភ័យទាប (ឧទាហរណ៍ ស្នាក់នៅតំបន់មានអត្រាប្រេវ៉ាឡង់នៃការចម្លងទាប និងមិន មានប៉ះពាល់ផ្ទាល់ជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩) ស្ថាប័ននីមួយៗត្រូវដាក់បុគ្គល នោះនៅដោយឡែក និងស្នើឱ្យមានការធ្វើតែស្ត PCR បញ្ជាក់ មុននឹងបញ្ជូនបុគ្គលនោះទៅ ព្យាបាល។
- អាជ្ញាធរមានសមត្ថកិច្ចអាចផ្ដល់ការសម្របសម្រួល កិច្ចសហការ និងការគាំទ្រដល់វិស័យ ឯកជន ឬ ម្ចាស់អាជីវកម្មនីមួយៗក្នុងការត្រៀមរៀបចំ និងអនុវត្តកម្មវិធីធ្វើតែស្តរហ័ស ដែលមាននៅតាមមូលដ្ឋានរបស់ខ្លួនតាមការចាំបាច់។
ជាមួយគ្នានេះ សម្រាប់គ្រឹះស្ថានសុខាភិបាលសាធារណៈរបស់រដ្ឋ និងឯកជន ដែលជាទីតាំង មានហានិភ័យខ្ពស់ និងអាចក្លាយជាទីតាំងបម្រើឱ្យការធ្វើតែស្តរហ័សផងនោះ ទីតាំងទាំងនេះចាំបាច់ ត្រូវមានការរៀបចំផែនការអនុវត្តមួយចំនួនបន្ថែមទៀត តាមគោលការណ៍ណែនាំប្រតិបត្តិស្តីពីការប្រើ ប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាព រដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន របស់ក្រសួងសុខាភិបាល ដែលបានដាក់ ចេញឱ្យអនុវត្ត កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ ។ នេះបើតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។