(ក្រុងឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បាននិយាយថា លោកនឹងធ្វើជាប្រធាននៅក្នុងកិច្ចប្រជុំបន្ទាន់មួយ (COBRA) នៅព្រឹកថ្ងៃនេះ (ម៉ោងនៅអង់គ្លេស) ដើម្បីពិភាក្សាទៅលើករណីភេរវកម្ម នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្ដិច។
នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងឲ្យដឹងថា លោកមានការភ្ញាក់ផ្អើល និងរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង នៅពេលទទួលដឹងអំពីការបំផ្ទុះគ្រាប់បែកនៅ អាកាសយានដ្ឋានកណ្ដាលទីក្រុងព្រុចសែល ដែលបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយលោកសន្យាថា នឹងធ្វីគ្រប់យ៉ាង ដើម្បីជួយដល់ប្រទេសប៊ែលហ្សិក។
ជាមួយគ្នានេះដែរ រាល់កិច្ចប្រជុំរបស់សហភាពអឺរ៉ុបនៅការិយាល័យនៃទីស្នាក់ការរបស់សហភាពអឺរ៉ុប (EU) ក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ត្រូវបានលុបចោល ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានកណ្ដាលទីក្រុងព្រុចសែល។
គួរបញ្ជាក់ផងដែរថា រាល់ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋាន Brussels Airport និងស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុងព្រុចសែល ត្រូវបានផ្អាកជាបណ្តោះអាសន្ន នេះបើយោងតាមអាជ្ញាធរឲ្យដឹងយ៉ាងដូច្នេះ៕