(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០២១ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចំនួន ៤,២៣៨ករណី ក្នុងចំណោមបទល្មើសទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន ៥១១ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ករណី ដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។
បន្ថែមពីនេះមន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា រយៈពេល៦ខែ ឆ្នាំ២០២១ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដូចគ្នា មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបបានចំនួន ១៤,៤២២លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤,២៣៨ករណី។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
បន្ថែមពីនេះដែរលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រយៈពេល ៦ខែ ឆ្នាំ២០២១ គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២,៤៦២គ្រឿង ដកហូតរថយន្តចំនួន ១៨២គ្រឿង គោយន្តចំនួន ៣០៨គ្រឿង ម៉ូតូចំនួន ៣៣៦គ្រឿង ត្រាក់ទ័រចំនួន ២៤គ្រឿង ឈើចំនួន ១,២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥,៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ដើម។
អ្នកនាំពាក្យរូបនេះ បានថ្លែងថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការ នៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនលើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ ជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១,២៦០នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើស ធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ជុំវិញកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានបន្ថែមថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីទាំងអស់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងការអនុ វត្តច្បាប់ ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តនូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីផ្តល់ចំណូលជា ប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋ តាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។
ទន្ទឹននឹងនេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារនិងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕