(ស្វាយរៀង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក ក្នុងផ្សារស្រុកកែវសីមា ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ស្ថិតក្នុងឱកាសនៃការចុះសួរសុខប្រជាពលរដ្ឋក្នុងផ្សារស្រុកកែវសីមា លោក ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅជាពិសេស ប្រជាពលរដ្ឋ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់ជាបណ្តោះអាសន្ន។
លោកអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អប្រសើរ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។
បន្ថែមពីលើនេះផងដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀតដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត និងរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់៕