(ភ្នំពេញ)៖ មន្ត្រីនៅតាមស្ថានីយថ្លឹងរថយន្ត រួមទាំងក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត លើសទម្ងន់កម្រិត កំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផាកពិន័យរថយដឹកលើសទម្ងន់កម្រិតកំណត់បាន ១,៤៣០គ្រឿង ផាកពិន័យជាប្រាក់បាន ២,២៤២,៩០១,០០០រៀល គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែម ទៀតថា សម្រាប់ការផាកពិន័យយានយន្តទាំង ១,៤៣០គ្រឿង បានឃាត់រថយន្តដែលដឹកលើសទម្ងន់កំណត់២០% ទុករយៈពេល១ឆ្នាំ ចំនួន ១៦២គ្រឿង ក្នុងនោះមន្រ្តីនៅ តាម ស្ថានីយឃាត់បានចំនួន ៥៥គ្រឿង និងក្រុមការងារចល័តចំនួន ១០៧គ្រឿង ដែលរថយន្តល្មើសទាំងនោះភាគច្រើន មាននៅខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ក្រសួងនឹងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor) ដើម្បីតាមដាន និងទប់ស្កាត់យានយន្ដដឹកជញ្ជូនលើសទម្ងន់ ធ្វើយ៉ាងណាទប់ស្កាត់រថយន្តទាំងនេះ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែង។

អ្នកនាំពាក្យរួបនេះ ក៏បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែរថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ស្តីពី ផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើ បណ្តាញ ផ្លូវថ្នល់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។

សូមបញ្ជាក់ដែរថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជួយថែរក្សាយានយន្ត ដែលត្រូវបានចាប់ឃាត់ទុករយៈពេលមួយឆ្នាំឱ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញមុនពេលកំណត់ជាដាច់ខាត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រដ្ឋាភិបាលនឹងអនុវត្តឱ្យដូចភ្លៀងរលឹម មិនថយក្រោយទេនូវវិធានការដែលមានក្នុងមាត្រា ៦០ ដែលចែងថា ឡានដឹកលើស២០%ត្រូវឃាត់ទុកមួយឆ្នាំ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ចៀសវាងមតិរិះគន់ថា៖ ធ្វើផ្លូវជាប់រហូត៕