(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, គណៈកម្មការចាក់វ៉ាក់សាំង បានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើង តាមគោលការណ៍ស្ម័គ្រចិត្ត។ សម្រាប់ខេត្តកំពង់ធំ រដ្ឋបាលខេត្ត និងមន្រ្តីសុខាភិបាល បានរៀបចំដោយជំហានទី១ គឺផ្តល់ជូនប្រជាពលរដ្ឋក្នុងក្រុងស្រុងទាំង៤ ក្នុងរយៈពេល១៤ថ្ងៃ និងជំហានទី២ ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកទាំង៥ជាបន្តបន្ទាប់ទៀត។
ក្រៅពីមានប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាទៅទទួលយកចាក់វ៉ាក់សាំងនោះ គេក៏សង្កេតឃើញលោកយាយ គៀន យឹម អាយុ៩៦ឆ្នាំ រស់នៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ក៏បានទៅចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ នៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១ ដោយកូនៗចៅៗ បានរុញរទេះជូនគាត់ទៅដល់កន្លែងចាក់តែម្តង។
ពេលទៅដល់កន្លែងចាក់វ៉ាក់សាំងលោកយាយ គៀន យឹម បានលើកឡើងទាំងទឹកមុខសប្បាយចិត្តរីករាយ ដោយមិនមានអ្នកបង្ខិតបង្ខំនោះទេ លោកយាយមកចាក់វ៉ាក់សាំងនេះ គឺចាក់ការពារមេរោគកូវីដ១៩។ លោកយាយបន្តថា «ការវ៉ាក់សាំងនេះ គឺគេមិនសម្លាប់យើងទេ ផ្ទុយទៅវិញជួយការពារអាយុជីវិត និងមានសុខភាពល្អទៀតផង»។
ក្រោយពីចាក់វ៉ាក់សាំងរួចរាល់ និងរង់ចាំអស់រយៈពេល៣០នាទី ដែលជាការកំណត់របស់គ្រូពេទ្យឃើញថា សុខភាពរបស់លោកយាយមិនមានអ្វីខុសពីធម្មតានោះដែរ។ នៅក្នុងឱកាសនោះដែរគេសង្កេតឃើញថា ក្រុមការងារចាក់វ៉ាក់សាំង បានរៀបចំប្រជាពលរដ្ឋឲ្យមានសណ្តាប់ធ្នាប់ល្អ ដោយមានការចាប់លេខរៀង មានគម្លាតគ្នា និងអនុញ្ញាតឲ្យមនុស្សចាស់ ជនពិការបានចូលមុន។
តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រជាពលរដ្ឋដែលបានទទួលវ៉ាក់សាំងគិតជាមធ្យមចាប់ពីថ្ងៃទី១២ ខែកក្តដាមក ក្នុងមួយថ្ងៃមានប្រមាណ១ម៉ឺននាក់ ចាប់ពីអាយុ១៨ ឆ្នាំដល់៦០ ឆ្នាំ ដោយឡែកចំពោះមនុស្សវ័យចាស់នៅមានចំនួនតិចនៅឡើយ៕