(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ វគ្គជម្រុះដំណាក់កាលទី១ ដើម្បីស្វែងរកជើងខ្លាំង៨នាក់ ឡើងទៅប្រកួតវគ្គផ្ដាច់ ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ មកទល់នឹងពេលនេះបានទទួលពាក្យអ្នកចុះឈ្មោះចូលរួម៦៨នាក់ ហើយ ដូច្នេះទម្រាំដល់ថ្ងៃប្រកួតយ៉ាងហោចណាស់ ក៏មានកីឡាករ១០០នាក់ចូលរួមដែរ ។ នេះបើយោងតាមសំដីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ នៅទីស្នាក់ការ NOCC នារសៀលថ្ងៃទី២២ ខែមីនានេះ ។ លោកបញ្ជាក់ថា ឆ្នាំនេះ NOCC បានត្រៀមកីឡា២ប្រភេទ សម្រាប់សម្ដែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមានការប្រកួតអុកចត្រង្គ និងកីឡាក្បាច់គុនបុរាណខ្មែរល្បុក្កតោ ។
លោកបន្ដថា ចំពោះការប្រកួតអុកចត្រង្គ មុនឈានទៅប្រកួតស្វែងរកស្ដេចអុក ប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ គឺត្រូវឆ្លងកាត់ការប្រកួតជម្រុះជាមុនសិន ។ មានន័យថា ការប្រកួតជម្រុះដំណាក់កាលទី១ គឺបើកឲ្យមានការចូលរួម ដោយសេរី ដោយមិនប្រកាន់អាយុ ឬភេទឡើយ ខណៈពេលនេះមានកីឡាករ៦៨នាក់ហើយ ដែលបានចុះឈ្មោះចូល រួមប្រកួតក្នុងវគ្គជម្រុះដំបូងនេះ ។
អគ្គលេខាធិការ NOCC រូបនេះ បានបន្ថែមថា «៦៨នាក់ ដែលក្រុមការងារទទួលបានពាក្យចុះឈ្មោះ គឺបន្ទាប់ពីក្រុមការ ងារផ្សព្វផ្សាយព័ត៌មានត្រឹមតែ ៣-៤ថ្ងៃប៉ុណ្ណោះ ដូច្នេះទម្រាំដល់ថ្ងៃប្រកួតជាផ្លូវការ ដែលនឹងធ្វើឡើងចន្លោះថ្ងៃទី០៥-០៨ ខែមេសាខាងមុខនោះ ខ្ញុំរំពឹងថា យ៉ាងហោចណាស់ក៏មានអ្នកចូលរួម ១០០នាក់ដែរ ហើយការចុះឈ្មោះ នឹងឈប់ទទួលពាក្យនៅមុនថ្ងៃប្រកួត៣ថ្ងៃ» ។
ដោយឡែកចំពោះការប្រកួតជម្រុះដំណាក់កាលទី១នេះដែរ នឹងធ្វើការជម្រុះរកកីឡាករជើងខ្លាំង ៨នាក់ប៉ុណ្ណោះ ដើម្បីបន្ដឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលនឹងរៀបចំនៅលើទឹកដំតំបន់អង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ៕