(ភ្នំពេញ)៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស ក្រុមអចិន្រ្តៃយ៍ និងផែនចំណុះ ព្រមទាំងវគ្គបណ្តុះបណ្តាលនយោបាយខ្លី តាមកម្មវិធីអនឡាញ (Zoom meeting)។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពៅ ប៉ូលីណែល ប្រធានក្រុមការងារ តំណាងបណ្ឌិត ម៉ៅ ហាវណ្ណាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល។
តាមរយៈសេចក្តីសម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្មី អង្គការចាត់តាំងយុវជនគណបក្សរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលមានសមាសភាពសរុប ៨១ រូប ដែលក្នុងនោះមានប្រធាន ១រូប អនុប្រធាន ៦រូប និងសមាជិក ៧៤ រូប ក្រុមអចិន្រ្តៃយ៍ ២៧ រូប និងផែនចំណុះចំនួន ៥ រួមមាន លេខាធិការដ្ឋាន ផែនឃោសនាអប់រំ និងបណ្តុះបណ្តាល ផែនពត៌មាន និងបណ្តាញផ្សព្វផ្សាយ ផែនហិរញ្ញវត្ថុ និងផែនរៀបចំផែនការយុទ្ធសាស្រ្ត។
ចំពោះការបណ្តុះបណ្តាលនយោបាយ គឺត្រូវបានធ្វើឡើងក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការកសាងបក្សក្នុងជួរយុវជន» ដែលឧទ្ទេសនាមដោយ លោក ពៅ ប៉ូលីណែល ប្រធានក្រុមការងារយុវជនគណបក្ស រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល។
ថ្លែងនៅក្នុងពិធីប្រកាសសមាសភាព និងបណ្តុះបណ្តាលនយោបាយខ្លីនេះ ក្នុងនាមបណ្ឌិត ម៉ៅ ហាវណ្ណាល់, លោកប្រធានក្រុមការងារយុវជនគណបក្ស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ក្រុមការងារ ព្រមទាំងបានផ្តល់នូវការណែនាំ និងចែករំលែកនូវបទពិសោធន៍ដល់សកម្មជនយុវជនគណបក្ស ដោយធ្វើការសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ៗចំនួន៤ រួមមាន៖
* ១៖ គោលការណ៍គ្រឹះក្នុងការកសាងបក្សក្នុងជួរយុវជន ដែលរួមមាន ការងារខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង
* ២៖ រចនាសម្ព័ន្ធយុវជនគណបក្ស ដែលរួមមាន យុវជនគណបក្សថ្នាក់កណ្តាល ក្រុមការងារយុវជនគណបក្សរាជធានីខេត្ត ក្រុមការងារយុវជនគណបក្សក្រសួងស្ថាប័ន និងក្រុមការងារយុវជនគណបក្សក្រៅប្រទេស
* ៣៖ របៀបរបបការងារគណបក្ស រួមមាន របបសន្និបាទ របបប្រជុំ របបចុះមូលដ្ឋាន របបរាយការណ៍សុំយោបល់ របបបណ្តុះបណ្តាល និងរបបតាមដានវាយតម្លៃ
* ៤៖ ភាពជាអ្នកដឹកនាំ និងការកសាងក្រុមការងារយុវជនគណបក្សឲ្យជោគជ័យ ដែលទាមទារឲ្យមាននូវសមត្ថភាពបួនជាចម្បងគឺ សមត្ថភាពខាង អនុវត្ត/Executing ជះឥទ្ធិពល/influencing ការកសាងទំនាក់ទំនង/Building relationship និងការគិតជាយុទ្ធសាស្រ្ត/Strategic Thinking។
លោកប្រធានក្រុមការងារគណបក្ស ក៏បានរំលឹកពីខ្លឹមសាររបស់បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដែលផ្តាំផ្ញើឲ្យពង្រឹង និងកសាងក្រុមការងារយុវជន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រៀមខ្លួនជួយគណបក្សប្រជាជនកម្ពុជា យកជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខទៀត។
បន្ទាប់ពីបានស្តាប់នូវមតិណែនាំ និងបទបង្ហាញ ដោយលោកប្រធានក្រុមការងារយុវជនគណបក្សរួចមក ថ្នាក់ដឹកនាំយុវជន និងសកម្មជនយុវជនគណបក្សរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានទទួលនូវការយល់ដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ក្នុងការចូលរួមកសាងបក្សក្នុងជួរយុវជន ព្រមទាំងបានសំណូមពរឲ្យមានការបណ្តុះបណ្តាលដូចនេះជាបន្តទៀត ដើម្បីពង្រឹងសមត្ថភាពយុវជនគណបក្ស ក្នុងការចូលរួមចំណែកយកប្រៀបឈ្នះ ជូនគណបក្សក្នុងការបោះឆ្នោតនាពេលខាងមុខនេះ៕