(ស្វាយរៀង)៖ ទោះបីក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តព្រៃវែង នៅតែបន្តឈានមុខក្នុងការបង្កបង្កើនផលស្រូវវស្សា និងស្រូវប្រាំងដោយរលូន ក្នុងរយៈពេល៧ខែ ដោយបាននាំស្រូវទៅលក់ នៅប្រទេសវៀតណាមបានជាង១លានតោន។ នេះបើយោងតាមការឲ្យដឹងពីលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
លោក អ៊ុក សំណាង បានបន្តថា សម្រាប់ខេត្តព្រៃវែង ការនាំស្រូវទៅលក់នៅប្រទេសជិតខាងមួយថ្ងៃមានចំនួនចាប់ពី ៣០០០ ទៅ៤០០០ តោនហើយភាគច្រើន ស្រូវនៅក្នុងខេត្ត និងក្រៅខេត្ត មានតិចតួចប៉ុណ្ណោះ។ ចំពោះស្រូវដែលនាំទៅលក់នេះដែរ គឺមានជារៀងរាល់ខែ គ្រាន់តែខែខ្លះតិច និងច្រើនតែប៉ុណ្ណោះ ប៉ុន្តែមិនដែលដាច់នោះទេ គឺមានលក់ជាហូរហែតាមច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងច្រកទ្វារអន្តរជាតិកោះរកាក្នុងខេត្តព្រៃវែង។
លោក អ៊ុក សំណាង បានបញ្ជាក់ថា ការនាំស្រូវទៅលក់នៅប្រទេសវៀតណាម គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្រូវនាំចេញសរុប ១,១៤៥,៧១៩តោន ដោយក្នុង១តោនមានតម្លៃ ៨៩០,០០០រៀល ចំណូលសរុបបាន ១,០១៩,៦៨៩,៩១០,០០០រៀល គិតជាដុល្លារ ២៥៤,៩២២,៤៧៧.៥ដុល្លារ។ ចំពោះតម្លៃស្រូវ IR504 ក្នុង១គីឡូក្រាម ៩០០រៀល ស្រូវ OM5451 ក្នុង១គីឡូក្រាម ៨៨០រៀល។
លោកបានបន្តថា ល្បឿនបង្កបង្កើនផល ស្រូវ រដូវវស្សា ព្រោះសរុប២១៣,៦៦៤ ហិកតា ស្រូវស្រាល ៨០,៣១៣ហិកតា ស្រូវកណ្ដាល ១០៤,៧៥៩ហិតា ស្រូវធ្ងន់ ២៨,៥៩២ ហិតាគិតជាភាគរយ ៨៥.៤៧ %។ ផ្ទៃដីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមាន៤ស្រុក ១០,៣២៨ហិកតា សង្គ្រោះបាន ១០,៣២៨ហិកតា។
លោកបានបន្ថែមថា ល្បឿនបង្កបង្កើនផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សាគិតត្រឹមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដំណាំសាកវប្បកម្មអនុវត្តន៍សរុប ១,០៣៤ ហិកតា បន្លែគ្រប់មុខ១,០២៥ ហិកតា ពោតស៩ហិកតា។ ដំណាំឧស្សាហកម្មអនុវត្តន៍សរុប ៤,៣៨២ហិកតា, ពោតក្រហម ២,៥១៧ហិតា, ដំឡូងមី១,០៣៥ហិកតា, សណ្ដែកបាយ ១៣៩ហិកតា, សណ្ដែកដី៥៧ហិកតា, ល្ង១៩១ ហិកតា, អំពៅ ៤៣៨ហិកតា និងឈូក៥ហិកតា។
លោកបានបន្ថែមថា ល្បឿនប្រមូលផល ដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សាគិតត្រឹមពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ដំណាំសាកវប្បកម្មប្រមូលផលសរុប ៣,៩៤៥ តោន, បន្លែគ្រប់មុខ ៣,៩៤៥ តោន។ ចំពោះដំណាំស្វាយនាំចេញ ទៅប្រទេសវៀតណាមគិតទីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ស្វាយនាំចេញសរុប ១១៦,៥៧៣ តោនដោយក្នុងតោនមានតម្លៃ ៥០០,០០០រៀលចំណូលសរុប ៥៨,២៨៦,៥០០,០០០រៀល៕