(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះជួយស្រុកស្នួល ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុក ប្រធានមន្ទីរអង្គភាព និងពុទ្ធបរិស័ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៦វត្ត ដែលស្ថិតនៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

លោក គង់ គឹមនី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។

លោកអភិបាលរងខេត្ត បានបន្ថែមថា ការចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោចខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀន ព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល អស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឆ្លៀតក្នុងឪកាសនោះដែរលោក គង់ គឹមនី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា បច្ច័យដែលប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង០៦វត្ត ដោយក្នុងមួយវត្តប្រគេនទៀនវស្សា១គូរ, ទៀនតូច១គីក្រាម, ទេយ្យវត្ថុ១, អង្ករ៥០គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច១កេស, ត្រីខ១យួរ, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ, តែ១កញ្ចប់, ទឹកដោះគោ១០កំប៉ុង, ស្កស៤គីឡូក្រាម, សាប៊ូលាង ចាន១កាន, ប្រេងម៉ាស៊ូត២០លីត្រ បច្ច័យកសាងចំនួន២០ម៉ឺនរៀល បច្ច័យប្រគេនព្រះសង្ឃ១០ម៉ឺនរៀល ជូនលោកតាអាចារ្យ លោកតា លោកយាយ ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល សរុបថវិកាចំនួន ៦,២២៦,០០០រៀល៕