(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហានៅប្រទេសកម្ពុជា នៅម៉ោងជាង៣៖០០រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ បានជួបជាមួយលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីពិភាក្សាកិច្ចការមួយចំនួន។
លោកស្រី រ៉ូណា ស្មីត បានមកបំពេញទស្សនៈកិច្ចផ្លូវការ នៅកម្ពុជាម្តងទៀត រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ដើម្បីវាយតម្លៃអំពីការទទូលបាននូវសិទ្ធិរបស់ស្ត្រី និងជនជាតិដើមភាគតិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាស របស់អង្គការសហប្រជាជាតិ។
សេចក្តីប្រកាសនោះបានបញ្ជាក់ថា អំឡុងនៃដំណើរទស្សនកិច្ច ១០ថ្ងៃនេះ អ្នកជំនាញឯករាជ្យរូបនេះ និងជួបប្រជុំជាមួយសមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងសមាជិកព្រឹទ្ធសភា និងរដ្ឋសភា។
លោកស្រីនឹងជួបផងដែរជាមួយតំណាងសង្គមស៊ីវិល ក្រុម អ.ស.ប ប្រចាំប្រទេសកម្ពុជា និងសហគមន៍ថែមទៀត។ ក្រៅពីនោះលោកស្រី រំពឹងផងដែរថានឹងធ្វើទស្សនកិច្ច នៅតាមបណ្តាខេត្ត របស់កម្ពុជាមួយចំនួនទៀត ដើម្បីប្រមូលព័ត៌មានជាក់ស្ដែងដោយផ្ទាល់។
លោកស្រី រ៉ូណា ស្មីត ទទួលបានការតែងតាំងជា អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកបញ្ហានៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្លូវការលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ផងដែរ៕