(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងសហការី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ជាមួយប្រធានសម្ព័ន្ធប្រធាន DGB Financial Group និងអភិបាលខណ្ឌសហ្គូ ដោយមជ្ឈមណ្ឌលនេះ មានការឧបត្ថមពីធនាគារ DGB Daegu Bank។

ស្រ្តីខ្មែរដែលបានរៀបការ និងកំពុងរស់នៅជាមួយគ្រួសារកូរ៉េជាច្រើន រួមនឹងស្រ្តីបរទេសដៃទៀត បាននិងកំពុងសិក្សា និងទទួលការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេស ក្នុងទីក្រុងថេហ្គូ ដូចជា ច្បាប់គាំពារស្រ្តីអន្ដោប្រវេសន៍ ជំនាញកាត់ដេរ សម្អាង វិជ្ជាមេផ្ទះ ជំនាញបកប្រែ បណ្ដុះបណ្ដាលមូលដ្ឋានគ្រិះសម្រាប់បំពេញការងារ បើកបររថយន្ដ ជំនាញរដ្ឋបាលកុំព្យូទ័រ។ល។

ថ្លែងទាំងញញឹមក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកទូត ឡុង ឌីម៉ង់ បាននិយាយដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះMOU។

លើសពីនេះ លោក ទូត និងសហការី ក៏បានជួបពិភាក្សាការងារដោយឡែកជាមួយនឹងប្រធានសម្ព័ន្ធ DGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank អំពី ការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ការបញ្ចុះអត្រាការប្រាក់ពិសេសសម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ការផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជា ដែលបានរៀនចប់នៅប្រទេសកូរ៉េ ដើម្បីបម្រើការងារនៅក្នុងធនាគារ និងការឧបត្ថមគាំទ្រផ្នែកមនុស្សធម៌ទាំងនៅកម្ពុជា និងប្រទេសកូរ៉េ ដល់ប្រជាជនកម្ពុជា។

ជាលទ្ធផល សម្ព័ន្ធ DGB សម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ ហើយបានជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរ ធនាគារ សម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ ៤ភាគរយសម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ។ ការជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺនដុល្លាអាមេរិក ដល់គម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជា៕