(ត្បូងឃ្មុំ)៖ លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកក្កដានេះ បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ទូទាំងស្រុកក្រូចឆ្មារ។

លោកប្រធានសមាគម បានលើកឡើងថា តបតាមការដង្ហោយអំពាវនាវរកជំនួយពីប្រជាពលរដ្ឋក្នុងភូមិខ្ពប ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំដែលរងបិទខ្ទប់ដោយសារការរាលដាលឆ្លងជំងឺកូវីដ១៩ លោកប្រធានបានរៀបចំចាត់ចែងជំនួយ បន្ទាន់មួយសំរាប់ពួកគាត់ ក្រោយមានការទទូចស្នើសុំទៅលោកប្រធានពីកង្វះខាតស្បៀងអាហារអំឡុងពេលបិទខ្ទប់នេះ។

លោក សុះ មូហាំម៉ាត់ បានកោតសរសើរចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ រីកចំរើនស្ទើរគ្រប់វិស័យ ។

លោក សុះ មូហាំម៉ាត់ បន្តថា ពិសេសនោះគឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ ទាំងយប់ទាំងថ្ងៃ ដោយខិតខំធ្វើយ៉ាងណាទប់ស្កាត់មិនឲ្យជម្ងឺនេះរីករាលដាល ហើយបានចាត់ចែងរៀបចំក្រុមការងារចាក់វ៉ាក់សាំងជូនពលរដ្ឋទូរទាំងប្រទេស ហើយបានខិតខំព្យាបាលអ្នកឆ្លងដែលមានអត្រាអ្នកជាសះស្បើយកាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃ។

លោកប្រធានបានបញ្ជាក់ទៀតថា នេះជាទឹកចិត្តសណ្ដោសប្រណី សាកសមជាមេដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌ មេត្តាធម៌ដល់ប្រជារាស្ត្រទូរទាំងប្រទេសដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ត្រូវបានសម្ដេចតេជោយកចិត្តទុកដាក់និងជួយសង្រ្គោះជានិច្ច។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តន៍តាមវិធាន «៣ការពារ និង៣កុំ» ឲ្យមានប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងកាត់ផ្ដាច់ការចម្លងនេះឲ្យឆាប់ដាច់ចេញពីប្រទេសកម្ពុជាយើង។

សូមជម្រាបថា ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ទូទាំងស្រុកក្រូចឆ្មារ ដែលទទួលអំណោយក្នុងមួយគួសារទទួលបាន ៖ អង្ករ ៥០គីឡូក្រាម,មី១កេះ,ទឹកត្រី១យួរ,ត្រីខ ១យួរ, ស្ករសរ៣គីឡូក្រាម, ប្រេងឆា២លីត្រ និងអំបិល៣គីឡូ៕