(ភ្នំពេញ)៖ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកាមួយចំនួន ដែលជាព្រះរាជអំណោយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយកមកប្រគល់ជូនប្រជាពលរដ្ឋ មានពិការភាព ចំនួន៤៤៦នាក់ ដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ពិធីប្រគល់ និងទទួលព្រះរាជអំណោយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងវិទ្យាល័យចតុមុខ ក្រោមអធិបតីភាពរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនពិការទាំងនេះ បានទទួលការធ្វើតេស្តយកសំណាក់រកជំងឺកូវីដ១៩ ទៅតាមវិធានរបស់ក្រសួងសុខាភិបាលរួចរាល់។
លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញ ក្នុងរយៈពេល០៦ខែដើមឆ្នាំនេះ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ពិសេស ការប្រតិបត្តិនូវគោលការណ៍គ្រឹះទាំង ៦ចំណុចរបស់សម្តេចតេជោ ដើម្បីគ្រប់គ្រងសភាពការណ៍កូវីដ-១៩នេះ ឲ្យបានល្អប្រសើរ។
យ៉ាងណាមិញ ផ្អែកតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលរាជធានីភ្នំពេញ បានសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងភាគីពាក់ព័ន្ធ អនុវត្តលើការងារអាទិភាព ចំនួន៣សំខាន់ៗ គឺទី១៖ វិធានការរដ្ឋបាល, ទី២៖ វិធានការសុខាភិបាល និងទី៣៖ វិធានការគាំពារសង្គម ដែលជាលទ្ធផល ទោះបីស្ថានភាព ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់ថមថយចុះទាំងស្រុង ប៉ុន្តែវិធានការទាំងនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយកាត់ផ្ដាច់ ការឆ្លងរាលដាលទ្រង់ទ្រាយធំ កាត់បន្ថយល្បឿនលឿននៃការចម្លង ជំងឺនេះចូលទៅក្នុងសហគមន៍ និងផ្ដល់ការគាំពារផ្នែកជីវភាពដល់ ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោក ឃួង សេ្រង ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ចំនួន៥០ម៉ឺនគ្រួសារហើយ ទទួលបានអំណោយ ក្នុងនោះមានទាំងព្រះរាជអំណោយរបស់ព្រះមហាក្សត្រ, ព្រះរាជអំណោយរបស់សម្ដេចម៉ែ, អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចពញ្ញាចក្រី ហេង សំរិន, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចចៅហ្វាវាំង គង់ សំអុល និងអំណោយផ្សេងៗទៀតរបស់សប្បុរសជន។
ក្នុងឱកាសនោះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រីជូនបងប្អូន មានពិការភាព ចំនួន៤៤៦នាក់ នៅភ្នំពេញ។
ក្នុងនោះម្នាក់ៗទទួលបានអាវយឺត មានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០១, អង្ករចំនួន១បាវ ៥០គីឡូក្រាម, ឃីតចំនួន ១កញ្ចប់ (មុង១, តួយ១, សារុង១), ម៉ាស់ ចំនួន០១ដុំ (មាន១០បន្ទះ), មី ចំនួន១កេស (២៤កញ្ចប់), ត្រីខ ចំនួន១០កំប៉ុង និងថវិកា ចំនួន២០០,០០០រៀល។
សម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងពិធីចែកអំណោយ ក៏បានផ្តាំផ្ញើព្រះរាជសារសួរសុខទុក្ខចំពោះប្រជាពលរដ្ឋជាកូនចៅ ចៅទួត និងសម្តែងការនឹករលឹក ពីព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងហ្លួងម៉ែ ព្រមទាំងបានសំណូមពរឲ្យប្រជាពលរដ្ឋ និងបងប្អូនជនពិការទាំងអស់ ត្រូវគោរពតាមវិធានរបស់ក្រសួងសុខាភិបាល ត្រូវរក្សាអនាម័យឲ្យបានភ្ជាប់ខ្ចួន ដោយពាក់ម៉ាសជាប់ជាប្រចាំ និងរក្សាគម្លាត ព្រមទាំងលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ពិសេសអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍៕