(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះទៅស្រុកចំនួន២ គឺស្រុកលើកដែក កាលពីម្សិលមិញ និងស្រុកកោះធំនៅថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានសំណេះសំណាល សួរសុខទុក្ខកងកម្លាំងកំពុងឈរជើងប្រចាំការការពារព្រំដែន នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ និងកងកម្លាំងនៅស្រុកលើកដែក ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីសំណើសុំអនុសាសន៍ដឹកនាំអំពីវិធានការនានា ក្នុងការពង្រឹងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែនដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការសម្រួលនូវការដឹកជញ្ជូនទំនិញកសិផលឆ្លងកាត់ព្រំដែន។
លោកអភិបាលខេត្ត បានចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ព្រមទាំងថវិកាដើម្បីឧបត្ថម្ភដល់ បញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៦០៥ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ភូមិភាគពិសេស តំបន់សឹករងខេត្ត កងការពារព្រំដែនលេខ៦០១ កងរាជអាវុធហត្ថខេត្ត អធិការដ្ឋាននគបាលស្រុកកោះធំ អធិការដ្ឋាននគរបាលស្រុកលើកដែក សរុបមានអង្ករ ១៨,៤តោន មី ៦៣០កេស ត្រីខកំប៉ុង១០០យួរ ទឹកសុទ្ធ៤៣៥កេស អាល់កុល ៨កាន ម៉ាស៤កេស និងថវិកាចំនួន ៣៦,៤៥០,០០០រៀល៕