(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងក្រុងស្វាយរៀង ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារថវិកាចំនួន ៥.០០០.០០០រៀល។

ពិធីនេះ ក៏មានការចូលរួមអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលក្រុងស្វាយរៀង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងបងប្អូនប្រជាពលរដ្ឋជាសមាជិកគ្រួសារសព។

លោក ម៉ែន វិបុល បានថ្លែងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងបានបញ្ជាក់ថា ការរៀបចំផ្ដល់ជូនថវិការបស់រាជរដ្ឋាភិបាលនូវនេះ ជាការគិតគូដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់សមាជិកគ្រួសារសាច់ញាតិជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ១៩។

ទន្ទឹមនេះរដ្ឋបាលខេត្ត នឹងបន្តរៀបចំថវិការបស់សម្តេចតេជោ ប្រគល់ទៅដល់គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង នាពេលកន្លងទៅជាបន្តបន្ទាប់ទៀត។

លោកបានបន្ថែមទៀតថា ក្រោមការគិតគូ និងយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល អំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដើម្បីបង្កើតភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺ ដែលជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ហើយទោះបីមានការឆ្លង ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ និងមិនមានហានិភ័យដល់ជីវិតនោះឡើយ។

លោកអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ សូមមកទទួលសេវាចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា តាមទីតាំង និងពេលវេលាដែលអាជ្ញាធរមូលដ្ឋានបានកំណត់ និងសូមចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩៕