ករណីផ្ទុះគ្រាប់បែកនៅប៊ែលហ្សិក៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់ស្លាប់ និង៣៥នាក់របួស ខណៈមានករណីផ្ទុះមួយទៀតនៅស្ថានីយរថភ្លើងក្រោមដី
22-03-2016 15:40
(ព្រុចសែល)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្ដិចបានឲ្យដឹងថា មានករណីផ្ទុះមួយកន្លែង កើតនៅស្ថានីយរថភ្លើងក្រោមដី កណ្ដាលទីក្រុងព្រុចសែល ក្បែរអាកាសយានដ្ឋាន Brussels Airport ដែលករណីនេះ បានកើតឡើងប៉ុន្មាននាទី បន្ទាប់ពីកើតមានករណីផ្ទុះគ្រាប់បែកចំនួនពីរកន្លែង នៅអាកាសយានដ្ឋានក្នុងទីក្រុងព្រុចសែល។
រាល់ប្រតិបត្តិការទាំងអស់នៅអាកាសយានដ្ឋាន Brussels Airport និងស្ថានីយ៍រថភ្លើងក្រោមដី នៅទីក្រុងព្រុចសែល ត្រូវបានផ្អាកជាបណ្តោះអាសន្ន នេះបើយោងតាមអាជ្ញាធរឲ្យដឹងយ៉ាងដូច្នេះ។
យោងតាមការបញ្ជាក់ពីប៉ូលិសក្រុងព្រុចសែល បានឲ្យដឹងថា ករណីផ្ទុះនៅស្ថានីយរថភ្លើងក្រោមដីនោះ គឺក្បែរទីស្នាក់ការរបស់សហភាពអឺរ៉ុប (EU) ប៉ុន្តែមិនបានបញ្ជាក់ថា បណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសនោះទេ។
គួរបញ្ជាក់ផងដែរថា នៅប៉ុន្មាននាទីមុននេះ មានករណីផ្ទុះគ្រាប់បែកចំនួនពីរកន្លែងក្នុងអាកាសយានដ្ឋានកណ្ដាលទីក្រុង ព្រុចសែល ប្រទេសប៊ែលហ្សិក ហើយបើតាមការសន្និដ្ឋានជាបណ្ដោះអាសន្នយ៉ាងហោចណាស់មានមនុស្ស ១៣នាក់បានស្លាប់ និងរបួសជាង ៣៥នាក់៕
រូបភាពផ្ទុះនៅស្ថានីយក្រោមដី